ដោយ: គង់ហេង/ កំពង់ចាម: អាជ្ញាធរខេត្តកំពង់ចាម នឹងចាត់វិធានការក្តៅ គឺអាចត្រូវផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្នលើម្ចាស់អាជីវកម្មទាំងឡាយណា ដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តនេះ។
ក្នុងសេចក្តីណែនាំស្តីពី «វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ចាម» របស់រដ្ឋបាលខេត្តកំពង់ចាមលេខ ០១៥/២០ សណន ដែលចុះហត្ថលេខានៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ ដោយ អ៊ុន ចាន់ដា ជាអភិបាលជាគណ:អភិបាលខេត្ត ប្រវែងពីរទំព័រដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋមានខ្លឹមសារថា៖
អាជ្ញាធរក្រុង ស្រុក សង្កាត់ ឃុំត្រូវចាត់វិធានការទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ ការដុតសំណល់សំរាម សំណល់រឹងនៅតាមទីចំហ ការដុតសម្អាតសំណល់ការដ្ឋាន និងការឆេះតាមទីលានចាត់សំរាម នៅក្នុងមូលដ្ឋានរបស់ខ្លួន។
សហការជាមន្ទីរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសំណង់ ម្ចាស់អាជីវកម្មបេតុងលាយស្រេច អាជីវកម្មថ្មសំណង់ ខ្សាច់ ក្រួស និងអាជីវកម្មដឹកដី ពីការទប់ស្កាត់ការហុយធូលីដី ឬភាគល្អិតនិចលទៅក្នុងខ្យល់ និងការបង្ហូរសំណល់ផ្សេងៗ។ ពីទីតាំងប្រភពបំពុលជាអាថ៌ ការដ្ឋានសំណង់ ទីតាំងការដឹកជញ្ជួនស៊ីម៉ងត៍ខ្សាច់ ក្រួស ដី និងទីតាំងផលិតបេតុងលាយស្រេច។
ត្រូវណែនាំ និងអនុវត្តវិធានការច្បាប់ចំពោះម្ចាស់អាជីវកម្មសំណង់ និងអ្នកទទួលការសាងសង់សំណង់ដែលបានទុកដាក់សម្ភារ:សំណង់ ឬបរិក្ខារសំណង់ផ្សេងៗ ដែលជាប្រភពបំពុលខ្យល់ រំលោភចំណីថ្នល់ ផ្លូវសាធារណ:ដែលបង្កឱ្យគ្រោះថ្នាក់ដល់ការធ្វើដំណើរ និងបង្កឱ្យហុយធូលី ឬភាគល្អិតនិចលទៅក្នុងខ្យល់តាមដងផ្លូវ និងទីសាធារណ:។
សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធអនុវត្តវិធានការដល់ម្ចាស់អាជីវកម្ម ដឹកដី ខ្សាច់ ថ្មសំណង់ ស៊ីម៉ងត៍ ឬបរិក្ខារសំណង់ផ្សេងៗ គឺត្រូវកៀរកម្ទេចកម្ទីដែលកំពប់ ឬជ្រុះតាមដងផ្លូវ និងលាងសម្អាតកំណាត់ផ្លូវដែលខ្លួនបានដឹកជញ្ជួនឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមវិធានការណែនាំ រដ្ឋបាលក្រុង ស្រុកត្រូវផ្អាកការធ្វើអាជីវកម្មនោះជាបណ្តោះអាសន្ន៕