ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ចាប់ពីយប់ថ្ងៃទី១៩ មកដល់រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងខេត្តបន្ទាយមានជ័យ មានសីតុណ្ណភាព អប្បបរមា ពី ១៥ ទៅ ១៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ២៥ ទៅ ២៧ អង្សាសេ ហើយមានខ្យល់បោកបក់ខ្លាំង។
នៅពេលអាកាសធាតុ ចុះត្រជាក់ខ្លាំងបែបនេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានផ្ដល់ភួយ និងអាវដើម្បីបំបាត់រងា ជូនដល់លោកតា លោកយាយ និងពលរដ្ឋមួយចំនួន ដែលងាយរងគ្រោះ ដោយសារអាកាសធាតុត្រជាក់នេះ នៅពេលលោក និងមន្ត្រីក្រុមការងារ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ នាថ្ងៃទីថ្ងៃទី២១ ធ្នូ នេះ ។
នៅក្នុងឱកាសនោះ លោកអភិបាល ខេត្តបន្ទាយមានជ័យ បានសូមឱ្យលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ ថែរក្សាសុខភាព ឲ្យបានល្អ ហើយត្រូវស្លៀកពាក់ សម្លៀកបំពាក់ ដណ្តប់ភួយ ឬក្រណាត់ក្រាស់ជាដើម នៅពេលទទួលទានដំណេក និងដើរហើរជាដើម ក្នុងពេលអាកាសធាតុ ចុះត្រជាក់ខ្លាំងនេះ។ ជាមួយគ្នានេះ លោកក៍សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងឡាយ អនុវត្តន៍តាមវិធាន របស់ក្រសួងសុខាភិបាល ក្នុងការថែរក្សាអនាម័យ លាងសំអាងដៃ ឲ្យបានស្អាតជាប្រចាំ ដោយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ គ្រប់ពេលវេលា ពេលធ្វើដំណើរ ចេញទៅក្រៅផ្ទះ ទីសាធារណៈ រក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីចូលរួមការពារ បង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ៕/V