ដោយៈ សរិទ្ធ / ភ្នំពេញៈ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ពេលកំពុងអង្គុយ ផឹកស៊ីជួបជុំគ្នា ជាមួយបងប្អូន នៅមុខផ្ទះ ស្រាប់តែមានយុវជន ៣នាក់ ទៅកាប់ជាច្រើនដាវ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ បន្ទាប់មក ក្រុមជនដៃដល់ បានរត់គេចខ្លួន បាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរី MK01 ស្ថិតនៅភូមិថ្កុលក្រស្នា សង្កាត់ស្នោរ ខណ្ឌកំបូល។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ តាន់ ស៊ីថា ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានលំនៅ ក្នុងបុរីខាងលើ។ ដោយឡែក ក្រុមជនសង្ស័យ មានគ្នា បីនាក់ មិនស្គាល់អត្តសញ្ញានោះទេ តែជនរងគ្រោះ និងក្រុមគ្រួសារ បានស្គាល់មុខច្បាស់ ព្រោះជាអ្នករស់នៅ ផ្ទះទល់មុខគ្នា រំលងតែផ្លូវមួយប៉ុណ្ណោះ។ ជាងនេះទៀត ក្នុងចំណោមជនសង្ស័យ បីនាក់នេះ មានយុវជនម្នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ ១ដើម កាន់លាក់ក្រោយខ្នង ចូលទៅរករឿងជនរងគ្រោះ លុះពេលមានទំនាស់ពាក្យសម្ដី ក៏កាប់ទៅលើបុរសរងគ្រោះ គ្មានញញើតដៃឡើយ។
តាមប្រភពព័ត៌មាន ដដែលនេះ បានឲ្យដឹងថា នៅវេលាយប់ ថ្ងៃទី២០ ខែធ្នូ នេះ មុនពេលកើតហេតុ មន្ត្រីកងរាជអាវុធហត្ថ រងគ្រោះ បានរៀបចំកម្មវិធី ផឹកស៊ីជុំគ្នា ជាមួយបងប្អូន ពីរនាក់ទៀត ដែលបានទៅលេងផ្ទះ ដោយបានដាក់តុកៅអី អង្គុយផឹកនៅមុខផ្ទះរបស់ខ្លួន ប៉ុន្តែពុំបានចាក់ធុងបាស់ ឬស្ពីកឃ័រ កំដរឡើយ គឺគ្រាន់តែផឹកជជែកគ្នា លេងប៉ុណ្ណោះ ។ លុះដល់ម៉ោងប្រហែល ១២ ពាក់កណ្ដាលអធ្រាត្រ ថ្ងៃដដែល ជនសង្ស័យម្នាក់ ដែលរស់នៅផ្ទះ ទល់មុខគ្នានោះ បានដើរទៅប្រាប់ជនរងគ្រោះថា «យប់ហើយ ឈប់ផឹកទៅ តែពេលនោះជនរងគ្រោះ បានឆ្លើយថា ដោយសារមានបងប្អូន មកលេង ទើបមិនទាន់ឈប់ ហើយណាមួយ ខ្ញុំមិនបានចាក់បាស់ JBL រំខានទេ» ។
ប្រភពដដែល បានបន្តថាៈ ពេលនោះ ជនសង្ស័យ ក៏បានដើរត្រឡប់ ទៅផ្ទះវិញបាត់ទៅ។ ជនរងគ្រោះ ក៏បាននៅផឹក ជជែកគ្នា ពីនេះពីនោះបន្តទៀត មិនព្រមឈប់ឡើយ។ រហូតដល់ម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែឆ្នាំ ដដែល ស្រាប់ជនសង្ស័យ បានដើរទៅម្ដងទៀត។ នៅលើកទី២នេះ ជនសង្ស័យ បាននាំបក្ខពួក ពីរនាក់ទៀត ទៅជាមួយផង ហើយជននេះ ក៏បានកាន់ដាវ ក្រពាត់ដៃទៅក្រោយ ចូលទៅរករឿងជនរងគ្រោះ និងកាប់ បណ្ដាលឲ្យរងរបួសក្បាល ធ្ងន់ធ្ងរ។ ចំណែកបងប្អូនជនរងគ្រោះ រត់រួច ទើបគ្មានរបួស។ បន្ទាប់មក ជនដៃដល់ និងបក្ខពួក បានរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះ ត្រូវប្រពន្ធនាំយកទៅសង្គ្រោះ នៅគ្លីនិកឯកជន ហើយប្រពន្ធ បានបង្ហោះរូបភាព គ្រូពេទ្យកំពុងដេររបួសប្ដី អមដោយសារលើអាក់ខោន ហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ «ទីទីមនុស្សស្មោះ» ថា ” ប្ដីហាស៊ូៗណា ប្ដីកុំកើតអី ព្រះជួយថែរក្សាប្ដីខ្ញុំផង របួសធ្ងន់ណាស់ ជនដៃដល់ សាហាវណាស់ ចូលកាប់មនុស្ស ដល់ផ្ទះ បងអង្គភាព ជួយរកយុត្តិធម៌ ឲ្យប្ដីខ្ញុំផង ” ។
ដោយឡែក នគរបាលប៉ុស្តិ៍ស្នោរ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល បានប្រាប់ឲ្យដឹងថាៈ យប់ម៉ិញ ពិតជាមានហេតុការណ៍ ទំនាស់កាប់គ្នា បណ្ដាលឲ្យមន្ត្រីប៉េអឹមម្នាក់ រងរបួសមែន ផ្ដើមចេញពីរឿង ជនរងគ្រោះ ផឹកស៊ីជជែកគ្នាឮៗ ហើយជនដៃដល់ ឃាត់មិនស្ដាប់ ។ ក្រោយមក ជនសង្ស័យ បានរត់បាត់ស្រមោលអស់ ហើយពេលនេះ កម្លាំង បាននិងកំពុងស្រាវជ្រាវ តាមជំនាញហើយ ៕/V