ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ដែលជាប់ចោទពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន បានត្រូវលោក ហុក ពៅ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅល្ងាចទី២១ ខែធ្នូ ឆ្នាំ២០២០។
បុរសរូបនេះ បានត្រូវកម្លាំងការិយាល័យព្រហុ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាប បទល្មើស របស់អាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួននៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក ហុក ពៅ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ រួចបញ្ជូនមកសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ តាមនីតិវិធី។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន បានបញ្ជាក់ថាៈ ជនត្រូវចោទ ឈ្មោះ វ៉េង សុខុម អាយុ៣៦ឆ្នាំ លំនៅបច្ចុប្បន្ន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រព្រឹត្ត អំពើល្មើស ប៉ុនប៉ងឃាតកម្ម នៅចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ ក្នុងដីកានេះ បានបញ្ជាក់ទៀតថាៈ ជនត្រូវចោទ ត្រូវតុលាការ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ជាច្រើនលើករួចមកហើយ ប៉ុន្ដែជននេះ រឹងរូសមិនព្រមចូលខ្លួន តាមដីកាបង្គាប់នោះទេ៕/V-PC