ប្រែសម្រួលៈវាសនា៖នៅប៉ុន្មានឆ្នាំមកនេះ ឥណ្ឌាប្រយ័ត្នប្រយែងអំពីការនិយាយពីអ្វីដែលត្រូវបានពណ៌នាថាជាបញ្ហាផ្ទៃក្នុងរបស់នេប៉ាល់ និងកាន់តែមិនថែមទៀតចាប់តាំងពីរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសនេះបានចូលជាធរមាននៅឆ្នាំ២០១៥។
នាយករដ្ឋមន្ត្រី ខេភី សាម៉ា អូលី របស់នេប៉ាល់ បានរំលាយសភានិងកោះធ្វើការបោះឆ្នោតថ្មីចំពេលមានទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាលក្រុងញូវដេល្លី និងកាន់តែកក់ក្តៅជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
គណបក្សកុំម្មុយនីស្តនេប៉ាល់ ដែលកំពុងកាន់អំណាច ធ្វើដំណើរទៅរកការបែកបាក់ នៅពេលប្រធានបក្សលោក ពូសផា គូម៉ា ដាហាល់ ប្រាចាន់ដា បានជួប្រជុំអ្នកគាំទ្រកាលពីព្រឹកថ្ងៃចន្ទ នៅមួយថ្ងៃបន្ទាប់ពីសហសេវិកក្នុងបក្ស លោកនាយករដ្ឋមន្ត្រី ខេភី សាម៉ា អូលី កោះធ្វើការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយប្រកាសរំលាយសភា។
ប្រាចាន់ដា ព្យាយាមសុំការពន្យល់ពីលោកអូលី អំពីការសំរេចចិត្តកាលពីថ្ងៃអាទិត្យក្នុងការព្យួរសភា ។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រី អូលី បានបើកកិច្ចប្រជុំជាមួយអ្នកគាំទ្រលោកដាច់ដោយឡែក ដើម្បីពិភាក្សាអំពីផ្លូវដើរនាពេលអនាគត ។
នៅពេលការសំរេចរបស់លោកអូលី ត្រូវបានប្រធានាធិបតី អនុម័តយល់ព្រមដោយយោងទៅមាត្រាមួយនៃរដ្ឋធម្មនុញ្ញ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សរបស់លោកអូលីផ្ទាល់ រួមទាំងបក្សប្រឆាំង ចាត់ទុកថាវា «អធម្មនុញ្ញ»។ឥឡូវការសំរេចចុងក្រោយប្រហែលជាតុលាការកំពូល។
ការសំរេចរបស់អូលី ក៏បង្កអោយមានការប្រឆាំងមហាជននៅក្នុងទីក្រុងធំៗនៅនេប៉ាល់កាលពីថ្ងៃអាទិត្យ
ការសំរេចរបស់អូលី ក៏បង្កអោយមានការប្រឆាំងមហាជននៅក្នុងទីក្រុងធំៗនៅនេប៉ាល់កាលពីថ្ងៃអាទិត្យ នាំអោយនាយករដ្ឋមន្ត្រីចេញបញ្ជាអោយប៉ូលិសទាហានឈរជើងនៅតាមដងវិថី។
ខណៈនេប៉ាល់កំពុងមានជម្លោះផ្ទៃក្នុង ពួកអ្នកសង្កេតការណ៍កំពុងតាមដានមើលប្រតិកម្មពីចិននិងឥណ្ឌា ដែលជាប្រទេសជិតខាងធំ២របស់រដ្ឋាភិបាលកាត្មាន់ឌូ ដែលតែងតែមានឥទ្ធិពលលើប្រទេសនៅតំបន់ហេមពាន្តនេះ។
រដ្ឋមន្ត្រីសុខាភិបាលនេប៉ាល់ និងមន្ត្រីសុខាភិបាលជាន់ខ្ពស់របស់នេប៉ាល់ជាច្រើនទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតសហព័ន្ធជុំវិញការទិញគ្រឿងបរិក្ខារវេជ្ជសាស្ត្រ«ក្រោមស្តង់ដា»មកពីចិន។ការចោទប្រកាន់រដ្ឋមន្ត្រីសុខាភិបាលនាំអោយផ្ទុះការតវ៉ាប្រឆាំងរបស់ក្រុមនិស្សិត។
ការសំរេចចិត្តរបស់លោកអូលីកាលពីថ្ងៃអាទិត្យក៏កើតឡើងចំពេលមានទំនាក់ទំនងមិនល្អជាមួយឥណ្ឌា ដែលធ្លាប់តែជាដៃគូសេដ្ឋកិច្ចនិងយោធាដ៏សំខាន់របស់រដ្ឋាភិបាលកាត្មាន់ឌូ។ផែនទីថ្មីមួយបញ្ចេញដោយសភានេប៉ាល់ បង្ហាញទឹកដីជម្លោះ៣កន្លែងជាផ្នែករបស់នេប៉ាល់ ជាហេតុននាំអោយមានការតវ៉ាពីរដ្ឋាភិបាលក្រុងញូវដែល្លី(ឥណ្ឌា)។
ក្នុងពេលជាមួយគ្នា ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងកាត្មាន់ឌូជាមួយក្រុងប៉េកាំង បានល្អប្រសើរឡើងនៅក្រោមការដឹកនាំរបស់ អូលី ។កាលពីឆ្នាំមុន ចិនបានចូលជំនួសឥណ្ឌាជាអ្នកវិនិយោគបរទេសធំបំផុតនៅនេប៉ាល់។ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកាន់រដ្ឋធានីកាត្មាន់ឌូ កាលពីឆ្នាំមុន នាំដល់ការចុះហត្ថលេខាកិច្ចសហការគ្នាជាច្រើន ដែវាបង្ហាញទំនាក់ទំនងកាន់តែកក់ក្តៅឡើងរវាងប្រទេសជិតខាងទាំងពីរ។
ក្នុងបរិបទបែបនេះ អ្នកប្រើបណ្តាញសង្គមនិងអ្នកធ្វើអត្ថាធិប្បាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនេប៉ាល់មិនអាចមិននិយាយអំពីកក្តាខាងក្រៅដែលជួយពូនផ្តុំបង្កើតជានយោបាយនេប៉ាល់បានឡើយ ទោះជាពួកគេអោយសារសំខាន់លើស្ថិរភាពនយោបាយនៅនេប៉ាល់សំរាប់រដ្ឋាភិបាលក្រុងញូវដែល្លីក្តី៕