ដោយៈសរិទ្ធ/ភ្នំពេញៈ ជនដៃដល់ម្នាក់ និងម្ចាស់កាំភ្លើងម្នាក់ ដែលរួមគំនិតគ្នាបាញ់សម្លាប់ម្ចាស់បំណុល ព្រោះគ្មានប្រាក់សងប្រមាណ៣០ម៉ឺនដុល្លារ សរុបទាំងដើម និង ការប្រាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌកំបូល បញ្ជូនមកតុលាការនៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។
ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកអ្នកមើលផ្លូវ និងជាម្ចាស់អាវុធខ្លីម៉ាក CF98 ឈ្មោះ ផេង ស៊ី ថុល អាយុ៤៧ឆ្នាំ មុខរបររកស៊ីដីធ្លី ស្នាក់នៅ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះនៅ ចំណាន បានជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ត្រូវជនសង្ស័យបាញ់ប្រហារតែម្ដង ។
សមត្ថកិច្ចអះអាងថា ដើមចមនៃការបាញ់សម្លាប់នេះ ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះប្រមាណ៣០ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ ដោយជនដៃដល់បានខ្ចីលុយសុទ្ធពីជនរងគ្រោះចំនួន៦ម៉ឺន ប៉ុណ្ណោះដោយព្រមព្រៀងគ្នា ក្នុង១ម៉ឺនមួយខែការប្រាក់៣០០០ដុល្លារ ខ្ចី៦ម៉ឺនដុល្លាខ្ចីរយៈពេល២ឆ្នាំ ទាំងការទាំងដើមជិត៣០ម៉ឺនដុល្លារ ៕