Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ទេសរដ្ឋមន្ត្...

​ទេសរដ្ឋមន្ត្រី ពិនិត្យ​និង​អនុម័ត​លើ​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ នៃ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ

​ដោយៈ​សុផល​/​ភ្នំពេញ​នា​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (FrameworkAgreement)​នៃ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ (PP-LC) ជាមួយ​លោក អា​ឡិច សាន​ហ្វ​ត ( Alex Sanford) អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​អន្តរជាតិ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នៃ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភា​រម្ម​ភ្នំពេញ​រវាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​តំណាង​រាជរដ្ឋាភិបាល​ជាមួយនឹង​ក្រុមហ៊ុន​និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​អន្តរជាតិ​លើ​ចំណុច​មួយចំនួន​ដែល​នៅ​សេសសល់​ពី​កិច្ចប្រជុំ​នាពេល​កន្លងមក សំដៅ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​មាន​ខ្លឹមសារ​ជា​គតិយុត្តិ​គ្រប់​ជ្រុងជ្រោយ​ក្នុង​បទដ្ឋាន​ជាតិ និង​អន្តរជាតិ អាច​ទទួលយកបាន​ពី​គ្រប់ភាគី ជាពិសេស​បម្រើឱ្យ​ប្រយោជន៍​ជាតិ​ជារួម​ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​និង​ឈានទៅ​បញ្ចប់សេចក្ដី​ព្រាង​នៃ​កិច្ចព្រមព្រៀង​នេះ​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ដាក់ជូនទៅ​ក្រុមហ៊ុន YCH​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​ដ៏​មាន​សក្ដានុពល​ក្នុងការ​លើកស្ទួយ​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រកួត ប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ទាំង​តម្លៃ និង​សេវាកម្ម និង​ជា​កម្លាំងចលករ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​កោត​ស​សើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គប្រជុំ ដែល​បានផ្ដល់​ធាតុ​ចូល​ដ៏​មានតម្លៃ​ក្នុង​បុព្វហេតុ​រៀបចំ​កិច្ចព្រមព្រៀង​នេះ​ឱ្យមាន​ស​ង្គ​ត​ភាព ស្របតាម​បរិបទ​ច្បាប់ សង្គម និង​សេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ច​តំបន់ និង​សកលលោក​នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច ដឹកនាំ​ដោយ​លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភា​រកម្ម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​វិនិយោគ​ក្នុងទិសដៅ​បញ្ចប់​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​នេះ​និង​ឈានទៅរក​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន YCH តាម​គម្រោង​ដែល​បានគ្រោង​ទុក ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular