រឹតបន្តឹង​តាម​ព្រំដែន តែ​នៅ​ភូមិ​ឃុំ ក៏ត្រូវ​តែ​តឹង​ដែរ​!

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​:​ដោយសារតែ​នៅ​ប្រទេស​ថៃ កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុង​មួយថ្ងៃ ឆ្លង​ដល់​ទៅ​ជាង ៥០០​នាក់ នៅ​ខេត្ត​សាមុត​សា​ខន​ទើប​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២០​ខែធ្នូ​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​បន្ត​ស្ងប់ស្ងាត់ និង​កុំ​ចាក​ចេញពី​ប្រទេស​ថៃ ក្នុងពេល​ថៃ ជួប​ការលំបាក​នេះ​។ ម្យ៉ាងទៀត បើទោះបីជា​បងប្អូន ឆ្លងដែន ពេលមកដល់​កម្ពុជា ក៏ត្រូវ​ពិនិត្យ​សុខភាព​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​ហ្មត់ចត់​រយៈពេល​១៤​ថ្ងៃ​ថែមទៀត​។​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​បំណង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ពេលនេះ ក៏​គួរតែ​ពន្យារពេល​សិន​។​

​ក្នុង​សារ​ជា​សំឡេង​ជាង ២០​នាទី សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ពី​ការបន្ថែម​ថវិកា​ជំនួយ ៥០​លាន​រៀល ដល់​ខេត្ត​ទាំង ៧​ជាប់​ព្រំដែន​ថៃ រួមមាន​៖ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ដើម្បី​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ ក្នុងអំឡុង​ពេលនេះ​។​

​ម្យ៉ាងវិញទៀត បើសិនជា​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ឆ្លងដែន​មក​ច្រើន ហើយ​នៅ​ខេត្ត​តាម​ព្រំដែន មិនអាច​ទប់ទល់​បាន គឺ​សម្តេច​បាន​ចាត់វិធានការ​បន្ទាន់ ដោយ​បញ្ចេញ​រថយន្តយោធា ៧០​គ្រឿង បានចេញ​ដំណើរ​ទាំងយប់ ចេញពី​ភ្នំពេញ ទៅកាន់​ច្រកព្រំដែន ចំនួន ៣ ដែល​បាន​ត្រៀម​ទុក គឺ​នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ច្រក​ដូង និង​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​។

​រថយន្តយោធា​ទាំងនោះ ត្រៀម​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ពី​ព្រំដែន ទៅកាន់​ភូមិកំណើត ហើយ​នៅពេល​ទៅដល់​ផ្ទះ​ហើយ អ្នក​ទាំងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​និង​គ្រប់​ចំនួន​១៤​ថ្ងៃ​ដោយមាន​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​មូលដ្ឋាន​នោះ​ជា​អ្នកឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​។​

​ក្នុងនោះ វិធានការ ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ កាលពី​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី កាលពី​ខែមេសា លើ​ក្រុម​ប្រជាពលរដ្ឋ​ចំណាកស្រុក ជាង ១២​ម៉ឺន​នាក់ ក្នុង​កិច្ចការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ខេត្ត​ជាប់​ព្រំដែន យកមកអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការត្រួតពិនិត្យ​ក្រុម​ប្រជាពលរដ្ឋ ឆ្លងដែន​មកពី​ប្រទេស​ថៃ​ផងដែរ​។​

​ជា​ការពិតហើយ កម្ពុជា​យើង បាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​កន្លងមក និង​ជាពិសេស​និយាយ​ឲ្យ​ចំ​លើ​ក្រុម​ជន​ចំណាកស្រុក​មកពី​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ កាលពី​ខែមេសា​នេះ ក៏​ដោយសារតែ​ចំណាត់ការ​ម៉ឺងម៉ាត់ ចាប់តាំងពី​នៅ​ច្រកព្រំដែន បន្ត​រហូតដល់​មូលដ្ឋាន ភូមិ​ឃុំ​។ ក្នុងនោះ អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​រាជធានី​ទាំងអស់ ក៏បាន​ចូលរួម​សហការគ្នា ហើយ​ជាពិសេស​កងទ័ព​កាលណោះ ក៏បាន​ដើរតួនាទី​សំខាន់ ក្នុងការ​ដឹកជញ្ជូន​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​វិលត្រឡប់ ទៅកាន់​ស្រុកកំណើត ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅពេល​ទៅដល់​ស្រុកកំណើត កាលណោះ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ពិសេស​អ្នក​មកពី​ប្រទេស​ថៃ មួយចំនួនធំ​ហាក់ដូចជា មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នោះទេ​។ ពោលគឺ​ពួកគាត់​រស់នៅ​ឡូកឡំ​ជាមួយនឹង​ក្រុមគ្រួសារ​ជាធម្មតា​។​

​ប៉ុន្តែ​ក៏មាន​នៅ​ឃុំ​ភូមិ​ច្រើន​ទៀត បាន​អនុវត្ត​ត្រឹមត្រូវ ដោយ​បង្កើត​មណ្ឌល​ច​ត្តា​ឡី​ស័ក ដោយ​យក​សាលារៀន រៀបចំ​ឲ្យ​អ្នក​ចំណូល​ថ្មី ពិសេស​អ្នក​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ទៅធ្វើ​ច​ត្តា​ឡី​ស័ក រស់នៅ​គ្រប់ ១៤​ថ្ងៃ នៅ​ដាច់ដោយឡែក តាម​សាលារៀន និង​កន្លែង ដែល​បានរៀបចំ​ទាំងនោះ​។​

​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មូលដ្ឋាន​កាលណោះ នៅ​ខេត្ត​ត្បូងឃ្មុំ កើតមាន​ករណី​យុវជន​ម្នាក់ ស្លាប់ ដោយសារតែ​ការ​លួច​ទិញ​ថ្នាំ​ផ្តាសាយ​លេប ដោយ​ឲ្យ​បងប្អូន​ទិញ​ឲ្យ​ពី​ក្រៅ​ទៅ​។ នេះ​ជា​ករណី​ទី​១ និង​មិនគួរ​កើតមាន​ទៀតឡើយ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក តាម​មូលដ្ឋាន ឬក៏​កន្លែង​ណា​ណាក៏ដោយ នៅពេលនេះ​។​

​ជា​សរុប ការ​រឹតបន្តឹង​តាម​ច្រកព្រំដែន ត្រូវបាន​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ពិសេស​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន បាន​ចាត់វិធានការ​យ៉ាង​យកចិត្តទុកដាក់​។ ដូច្នេះ​នៅពេលនេះ គឺ​បើសិន​ជាមាន​ករណី​ដឹកជញ្ជូន​អ្នក​ចូល​មកពី​ប្រទេស​ថៃ ឬក៏​មាន​អ្នក​លួច​ឆ្លងដែន​តាម​ច្រករបៀង ឬ​ដោយ​ខុសច្បាប់​ណា​ទៀត​នោះ ក៏​អ្នក​ឆ្លងដែន​ទាំងនោះ ត្រូវតែ​ទៅរក​ពេទ្យ អាជ្ញាធរ​សមត្ថកិច្ច តាម​ព្រំដែន ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​តំបន់​ព្រំដែន​ទាំងនោះ​។

​ម្យ៉ាងទៀត បើសិនជា អ្នក​ឆ្លងដែន​នោះ មិនបាន​ឆ្លងកាត់​ការធ្វើ​តេស្ត ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ព្រំដែន​ទេ គឺ​នៅពេល​ទៅដល់​ផ្ទះ នៅ​ភូមិ​ឃុំ ក៏​គួរតែ​អ្នក​ឆ្លងដែន​នោះឯង ស្វះ​ស្វែងរក​អាជ្ញាធរ​ភូមិ​ឃុំ​របស់ខ្លួន ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ ១៤​ថ្ងៃ​។ បើ​មិន​ដូច្នេះ​ទេ បងប្អូន​អ្នកស្រុក​អ្នកភូមិ នៅពេល​មាន​អ្នក​ចំឡែក អ្នក​ចំណាកស្រុក ឬ​អ្នក​ចំណូល​ថ្មី ចូលមក គឺ​ត្រូវតែ​រាយការណ៍​បន្ទាន់​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ណែនាំ​ឲ្យ​គាត់ ធ្វើ​ច​ត្តា​ឡី​ស័ក ឬក៏​ពិនិត្យ​ធ្វើតេស្ត តាម​សមត្ថកិច្ច នៅផ្ទះ​របស់គាត់​ផ្ទាល់ ឬក៏​នៅតាម​ទីកន្លែង​ក្នុងភូមិ​ឃុំ​នោះ​។​

ការធ្វើ​ដូច្នេះ​ដើម្បី​សុវត្ថិភាព​ទាំង​រូបគាត់ ជា​អ្នក​ឆ្លងដែន និង​ទាំង​ក្រុមគ្រួសារ​របស់គាត់​ផង ព្រមទាំង​ដើម្បី​សុវត្ថិភាព​អ្នកស្រុក​អ្នកភូមិ ហើយ​និយាយ​ជារួម ដើម្បី​ប្រទេស​យើង ការពារ​កុំ​ឲ្យ​ឆ្លង​តៗ​គ្នា ប្រសិនបើ​អ្នកនោះ មាន​ជំងឺ​កូ​វីដ​១៩៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular