Home ព័ត៌មានជាតិ សង្គម ​ខេត្តបាត់ដំប...

​ខេត្តបាត់ដំបង យក​ទីតាំង​ចំនួន ៣ នៅ​តំបន់​ព្រំដែន ធ្វើ​ច​ត្តា​ឡី​ស័ក ពលករ​ខ្មែរ វិល​មកពី​ប្រទេស​ថៃ​

ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ អាជ្ញាធរខេត្ត​បាត់ដំបង ជ្រើស​យក​ទីតាំង​ចំនួន​៣ នៅជាប់​តំបន់​ព្រំដែន ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ពលករ​ខ្មែរ ដែល​វិល​វិញ ក្នុងដំណាក់កាល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ​។​

​ក្រោយពី​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង ចុះ​ពិនិត្យ​រៀបចំ និង​បានកំណត់​យក​ទីកន្លែង ចំនួន ៣ ដើម្បី​អនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី ប្រទេស​ថៃ​វិញ ក្នុងនោះ​មាន​ទីតាំង​ចំនួន ២ ឋិត​នៅក្នុង​ស្រុក​កំរៀង និង​មួយ​ទីតាំង​ទៀត ឋិត​នៅក្នុង​ស្រុក​សំពៅ​លូន​។​

​ទីតាំង​ដែលមាន​លក្ខណៈ​អំណោយផល​ទី​១ នៅក្នុង​បរិវេណ​វិទ្យាល័យ​កំរៀង មាន​ចំនួន ៤២ បន្ទប់ ដោយ​ក្នុង​មួយ​បន្ទប់ អាច​ឲ្យ​ពលករ​សម្រាក​បាន ចំនួន ១០ នាក់​, ទីតាំង​ទី​២ គឺ​ឋិត​នៅក្នុង​មណ្ឌល​សុខភាព​ត្រាង មាន​គ្រែ​សម្រាក ចំនួន ២០​គ្រែ ក្នុងស្រុក​កំរៀង​។ ដោយឡែក​ទីតាំង​ទី​៣ នៅក្នុង​បរិវេណ​សាលា បឋមសិក្សា​ជ្រៃ​សីមា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន មាន​ចំនួន ១០ បន្ទប់ ដោយ​មួយ​បន្ទប់ៗ រៀបចំ​ឲ្យ​បងប្អូន​ពលករ សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​ចំនួន ១០ នាក់ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល ចូលក្នុង​សហគមន៍ ដោយ​តម្រូវ​ឲ្យ​អនុវត្ត យ៉ាង​ម៉ត់ចត់ តាម​ការណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​របស់​ក្រសួងសុខាភិបាល​។​

​តាម​ការបញ្ជាក់ ពី​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង បានបង្ហាញ​អោយដឹងថាៈ ចាប់តាំងពី​អនុវត្តន៍​វិធានការ ការពារ​ខាងលើ ក្រុមការងារ​ជំនាញ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជូន និង​ប្រគល់​ពលករ ចំនួន ១៤ នាក់ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ​រៀងៗ​ខ្លួន និង​គិត​ត្រឹម​ម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី​២១ ខែធ្នូ បាន​បញ្ជូន​ពលករ​ខ្មែរ ចំនួន ១៧ នាក់ បន្ថែមទៀត ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត បាន​ត្រៀម​ទុក​។ ការរៀបចំ​ទទួល ពលករ​ខ្មែរ ហើយ​អនុវត្តន៍​តាម​វិធានការ សុខាភិបាល​នេះ ធ្វើឡើង បន្ទាប់ពី​មាន​ករណី​ផ្ទុះឡើង នូវ​ជំងឺ​កូ​វីដ​-១៩ ជាច្រើន ក្នុង​មួយថ្ងៃៗ នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular