Home ព័ត៌មានជាតិ នយោបាយ ​ក្រុមប្រឹក្ស...

​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បដិសេធចោល លើ​សំណុំរឿង ចំនួន ២៨​បណ្តឹង របស់ LDP

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បដិសេធចោល លើ​សំណុំរឿង ចំនួន ២៨ បណ្តឹង របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​បាន​ប្តឹងតវ៉ា​នឹង​សេចក្តីសម្រេច របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​។ ការសម្រេច​នេះ បានធ្វើ​ឡើង នៅក្នុង​សវនាការ​ជំនុំជម្រះ ជា​សាធារណៈ​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឲ្យ​ដឹងថា នៅ​អគារ “​ស​” វិមាន​រដ្ឋ​ចំការមន ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមាន​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ បាន​បើកសវនាការ ជា​សាធារណៈ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណុំរឿង ចំនួន ២៨ របស់​សមាជិក និង​ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ប្តឹង តវ៉ា​នឹង​សេចក្តីសម្រេច របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​។​

​អង្គ​សវនាការ​នេះ មានការ​ចូលរួម​ពី​សំណាក់ អ្នកប្តឹង​ចំនួន ១២​រូប តំណាងឱ្យ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ និង​មានការ​ចូលរួម ពី​តំណាង​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ចំនួន ៤​រូប ព្រមទាំង​សាធារណជន ផងដែរ​។​

​សំណុំរឿង​ចំនួន ២៨ នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ទទួល​ពាក្យបណ្ដឹង ទាំង ២៨ សំណុំ​រឿងនេះ ទុកជា​ត្រឹមត្រូវ តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល ដោយ​ខុស​នឹង​គតិ​ច្បាប់​។ តម្កល់​សេចក្តីសម្រេច​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទុកជាបានការ​ពេញ​ទាំងមូល​។ សេចក្តីសម្រេច​នេះ ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត ទៅលើ​អំណាច​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ ក្នុង​រាជកិច្ច​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular