Home ព័ត៌មានអន្តរជាតិ លោកចូ បៃ​ដិន​...

លោកចូ បៃ​ដិន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ហើយ​ថា​គ្មានអ្វី​ត្រូវ​បារម្ភ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃដិនកា​លពី​ថ្ងៃ​ចន្ទទី​២១​ធ្នូ​បាន​ទទួល​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ដូសដំបូង​របស់គាត់​នៅលើ​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ដែល​ជា​ផ្នែក​មួយ​នៃ​​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល​សាធារណជន​អាម៉េរិក​ថា ការចាក់​ថ្នាំ​បង្ការ​គឺមាន​សុវត្ថិភាព​។​

​ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer មួយដូ​សនៅ​ឯ​មន្ទីរពេទ្យ​មួយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់​ក្នុង​រដ្ឋ​ដេ​ឡាវែ ពោល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​ឈ្មោះ ជី​ល បៃ​ដិន បាន​ចាក់​រួចរាល់​។​

​ការចាក់​ថ្នាំ​បង្ការ​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​វ៉ាក់សាំង​ទី​២ ផលិត​ដោយ​ក្រុមហ៊ុន Moderna នឹង​ចាប់ផ្តើម​បញ្ជូន​ទៅ​ដល់​រដ្ឋ​នានា​។ វ៉ាក់សាំង​នេះ​នឹង​ចូលរួម​ជាមួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer នៅក្នុង​ឃ្លាំង​អាវុធ​របស់​ប្រទេស​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ដែល​ឥឡូវ​បាន​សម្លាប់​មនុស្ស​ជាង ៣១៧.០០០ នាក់​នៅ​សហរដ្ឋ​អាម៉េរិក​និង​រំខាន​ការរស់នៅ​ជុំវិញ​ពិភពលោក​។​

​លោកបៃ​ដិន ដែល​ចាក់​ថ្នាំ​បង្ការ​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ញូ​វ៉ាក រដ្ឋ​ដេ​ឡាវែ បាន​និយាយថា “​ខ្ញុំ​បាន​ត្រៀម​រួចរាល់​ហើយ​”​។ ​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​លាត់​ដៃ​អាវ​ខាងឆ្វេង​រហូត​ដល់​ក្លៀក​ដើម្បីឱ្យ​គេ​ចាក់​ថ្នាំ​ឱ្យ​គាត់​។​

​គាត់​បាន​ប្រាប់​គិលានុប្បដ្ឋាយិកា​ដែល​ចាក់​ថ្នាំ​ឱ្យ​គាត់​ថា “​ត្រៀម​រួចរាល់​ហើយ ចាក់​ឱ្យ​ខ្ញុំ​មក​”​។​

​លោកបៃ​ដិនបាន​សង្កត់ធ្ងន់លើ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ​ហើយ​និយាយ​ថា​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ សម​នឹង​ទទួលបាន​ស្នាដៃ​ខ្លះ​សម្រាប់​ដំណើរការ​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​”​នៅ​នឹង​​កន្លែង​”​។​

​គាត់​បាន​បន្ថែមថា “​ខ្ញុំ​កំពុង​ធ្វើ​នេះ​ដើម្បី​បង្ហាញ​ថា ប្រជាជន​គួរតែ​ត្រៀម​ខ្លួន​នៅ​ពេល​ដែល​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​។ គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​ទេ​”៕

​លោកបៃ​ដិន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular