ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន (រ៉យទ័រ) ៖ កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីអ្នកចូលរួមសាកល្បងព្យាបាលយ៉ាងដូច្នេះថាវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac Biotech បានបង្ហាញថាប្រសិទ្ធភាពក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៅក្នុងប្រទេសប្រេស៊ីល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយកាលពីសប្តាហ៍មុនថា បេក្ខជនវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac និងក្រុមហ៊ុន AstraZeneca Plcអាចត្រៀមរួចរាល់សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីលនៅពាក់កណ្តាលខែកុម្ភៈ។
កាសែត Wall Street Journal រាយការណ៍កាលពីថ្ងៃចន្ទទី២១ធ្នូថាប្រេស៊ីលគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានបញ្ចប់រួចរាល់នូវការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac គឺ CoronaVac ដែលកំពុងសាកល្បងផងដែរនៅឥណ្ឌូនេស៊ីនិងតួកគី។
វិទ្យាស្ថានប៊ូតានតាននៅរដ្ឋសៅប៉ូឡូកំពុងរៀបចំការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំង CoronaVac នៅក្នុងប្រទេសប្រេស៊ីល។
របាយការណ៍របស់កាសែតខាងលើនិយាយថា លទ្ធផលពីការសាកល្បងនៅប្រេស៊ីលបានដាក់វ៉ាក់សាំង CoronaVac លើសកម្រិត ៥០ ភាគរយដែលអ្នកវិទ្យាសាស្ត្រអន្តរជាតិយល់ថាចាំបាច់ដើម្បីការពារមនុស្ស។
យោងតាម Wall Street Journal បានឱ្យដឹងថា វិទ្យាស្ថានប៊ូតានតានត្រៀមខ្លួនប្រកាសនូវអត្រាប្រសិទ្ធភាពរបស់វ៉ាក់សាំង CoronaVac នៅថ្ងៃពុធទី២៣ធ្នូ៕
វ៉ាក់សាំង CoronaVac បង្ហាញប្រសិទ្ធភាពនៅប្រេស៊ីល