Home ព័ត៌មានជាតិ សង្គម ពលករ​ខ្មែរ​ចេ...

ពលករ​ខ្មែរ​ចេញ​មកពី​ប្រទេស​ថៃ​ក្នុង​តំបន់​ប្រឈម​៣៥​នាក់​បញ្ជូន​ទៅយក​សំណាក​ពិនិត្យ​

​ដោយ​:​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​: បន្ទាប់ពី​មាន​បទបញ្ជា​បន្ទាន់​ពីស​ម្តេច​តេ​ជោ មន្ត្រី​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​តម្រូវ​ឲ្យ​ពលករ​ខ្មែរ​ចំនួន​៣៥​នាក់ ដែល​បាន​ឆ្លង​ច្រកព្រំដែន​ចូលមក​កម្ពុជា​វិញ ដឹក​បញ្ជូនទៅ​ទីតាំង​យក​សំណាក​ពិនិត្យ​។ ដែល​ពលករ​ខ្មែរ​ទាំងនោះ បានធ្វើ​ការងារ​ក្នុង​តំបន់​ប្រឈម​នៃ​ខេត្ត​សមុទ្រសា​ខន (​ប្រទេស​ថៃ​) ខណ​:​មានការ​ផ្ទុះ​នូវ​មេរោគ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ច្រើន នា​យប់​ថ្ងៃទី​១៩-២០ ខែធ្នូ ឆ្នាំ​២០២០ កន្លងមកនេះ​។​

​លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់អោយដឹង​នៅ​ព្រលប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ថា ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ហើយ​បាន​ចូលមក​កម្ពុជា​វិញ​នៅ​ព្រំដែន​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ចំនួន​១៧៦​នាក់ ក្នុងនោះ​មាន​ប្រជា​ពលករ​ចំនួន​៣៥​នាក់ ត្រូវបាន​បញ្ជូន​ទៅយក​សំណាក ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩​។​

​លោក​វេជ្ជបណ្ឌិត​បន្តថា មូល​ហេតុដែល​មន្ត្រី​យក​សំណាក​លើ​ពលករ​ទាំង​៣៥​នាក់​នោះ យកទៅ​ពិនិត្យ គឺ​ដោយសារ​ពួកគាត់​មកពី​ខេត្ត​ក្នុង​តំបន់ ដែលមាន​បញ្ហា​ប្រឈម និង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​ថៃ​។ ហើយ​ពលករ​ខ្លះ​គឺមាន​អាកា​រៈ​ផ្តាសាយ និង​ហៀរ​សំបោរ​។​

​លោក​បញ្ជាក់ថា ពលករ​ខ្មែរ​មកពី​ក្រៅ​តំបន់​ខេត្ត​ប្រឈម​ក្នុងប្រទេស​ថៃ ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្តយោធា​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​ក្រុង​សំរោង​រយ​:​ពេល​១៤​ថ្ងៃ មាន​បី​ទីតាំង​ក្នុង​ក្រុង​សំរោង រួមមាន​៖ ទីតាំង​សាលា​វិទ្យាល័យ​តេ​ជោ​សែន​សំរោង​, ទីតាំង​វិទ្យាល័យ​ហ៊ុន សែន ឧ​ត្ត​រ​មានជ័យ និង​ផ្ទះសំណាក់​ឧ​ត្ត​មរ​ដ្ឋា​។​

​សូម​រំលឹកថា សកម្មភាព​នេះ​បន្ទាប់​មាន​បទបញ្ជា​បន្ទាន់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជា​យោធា​បញ្ចេញ​រថយន្ត​ជាច្រើន​គ្រឿង​ឆ្ពោះទៅកាន់​គោលដៅ​នៅ​ព្រំដែន​ចំនួន​ពីរ គឺ​ទៅ​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង​ខេត្តបាត់ដំបង ដើម្បី​ត្រៀម​ដឹក​បងប្អូន​ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ដែល​ពួកគាត់​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​មាន​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ច្រើន នៅ​ខេត្ត​សមុទ្រសា​ខន (​ថៃ​) នា​យប់​ថ្ងៃទី​១៩-២០ ខែធ្នូ ឆ្នាំ​២០២០ កន្លងមកនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular