ប្រែសម្រួលៈវាសនា/សិង្ហបុរី៖ ប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទបានក្លាយជាអ្នកទទួលវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាផលិតដោយក្រុមហ៊ុនPfizer-BioNTechមុនគេក្នុងចំណោមប្រទេសអាស៊ី បន្ទាប់ពីប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានចូលរួមជាមួយប្រទេសផ្សេងៗក្នុងលោករួមមាន អង់គ្លេសនិងអាម៉េរិកកាលពីសប្តាហ៍មុននៅក្នុងការអនុម័តប្រើវា។
សិង្ហបុរីមានផែនការចាក់វ៉ាក់សាំងអោយប្រជាជនខ្លួន៥,៧លាននាក់ នៅត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១ ដោយផ្តល់អាទិភាពលើបុគ្គលិកសុខាភិបាល មនុស្សចាស់និងជនមានបញ្ហាសុខភាព។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុងបានសរសេរបង្ហោះក្នុងហ្វេសប៊ុកថា «រីករាយដោយឃើញវ៉ាក់សាំងដំបូងមកដល់សិង្ហបុរី។វាជាឆ្នាំដ៏យូរនិងលំបាកមួយ។ខ្ញុំសង្ឃឹមថាព័ត៌មាននេះនឹងផ្តល់ភាពរីករាយដល់ប្រជាជនសិង្ហបុរីនៅរដូវមានបុណ្យទានដ៏អ៊ឹកធឹកនេះ និងជាហេតុផលដែលត្រូវមានសុទិដ្ឋិនិយមសំរាប់ឆ្នាំ២០២១»។
ការចាក់វ៉ាក់សាំងនៅសិង្ហបុរីនឹងត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត តែលោកលីបានលើកទឹកចិត្តអោយប្រជាជនចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។
វ៉ាក់សាំងរបស់Pfizerទាមទារការចាក់២ដង(២ដូស)ហើយត្រូវរក្សាទុកវាក្នុងសីតុណ្ហភាពដក៧០អង្សាសេ(-70C)ដើម្បីរក្សាប្រសិទ្ធភាពរបស់វា។
រដ្ឋមន្ត្រីគមនាគមន៍សិង្ហបុរី បាននិយាយថា រោងក្រក្នុងស្រុកអាចផលិតទឹកកកស្ងួតបានមួយថ្ងៃ៤តោនសំរាប់ក្លាសេវ៉ាក់សាំងនៅអោយនៅក្នុងសីតុណ្ហភាពសមស្រប។
តាំងពីមុនមក រដ្ឋបែបជាទីក្រុងនេះមានអ្នកកើតកូវីដ១៩សរុបជាង៥៨.០០០នាក់ តែអ្នកជំងឺកូវីដ១៩ស្លាប់មានកំរិតទាប គឺតែ២៩នាក់។ប្រទេសនេះនៅរក្សាបិទព្រំដែនសំរាប់ភ្ញៀវបរទេសភាគច្រើន៕
ទំនិញវ៉ាក់សាំងកូវីដ១៩ ត្រូវបានដឹកពីបែលហ្សិចមកដល់សិង្ហបុរីកាលពីថ្ងៃចន្ទ