ប្រែសម្រួល : កញ្ញាដាលីស/ឌូបៃ ៖ កងទ័ពជើងទឹកអាម៉េរិកនិយាយថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដើររបស់អាម៉េរិកមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់រវាងអ៊ីរ៉ង់និងឧបទ្វីបអារ៉ាប់កាលពីថ្ងៃចន្ទទី២១ធ្នូ ដែលជាការប្រកាសដ៏កម្រចំពេលកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់។
កងនាវាទី៥របស់កងទ័ពជើងទឹកដែលមានមូលដ្ឋាននៅប្រទេសបារ៉ែនបាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់មីស៊ីលបញ្ជាទិសអូហៃយ៉ូឈ្មោះ USS Georgiaដែលអមដោយនាវាចម្បាំង ២ គ្រឿងទៀត បានឆ្លងកាត់តាមច្រកសមុទ្រហ័រមូស កន្លែងដែលការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកចំនួន១ភាគ៥បានឆ្លងកាត់។
ការឆ្លងកាត់មិនធម្មតានៅក្នុងដែនទឹករាក់នៅឈូងសមុទ្រពែក្សដែលមានគោលបំណងចង់បង្ហាញពីកម្លាំងយោធាអាម៉េរិកនៅក្នុងតំបន់នេះគឺធ្វើឡើងបន្ទាប់ពីការសម្លាប់លោកម៉ូសេន ហ្វាគ្រីហ្សាដេ កាលពីខែមុន ជាអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ដែលលោកខាងលិចចាត់ទុកថាជាមេដឹកនាំនៃកម្មវិធីនុយក្លេអ៊ែរយោធារបស់របបរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលឥឡូវត្រូវហាមឃាត់។
វាក៏កើតឡើងផងដែរពីរសប្តាហ៍មុនថ្ងៃខួបនៃការវាយប្រហារដោយដ្រូនរបស់អាម៉េរិកកាលពីខែមករា ដែលបានសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់គឺឧត្តមសេនីយ៍កាសសេម សូឡេម៉ានី។ អ៊ីរ៉ង់បានសន្យាសងសឹកចំពោះការសម្លាប់អ្នកទាំងពីរ។
កងទ័ពជើងទឹកនិយាយថា “វត្តមាននាវាមុជទឹកនេះនៅមជ្ឈិមបូព៌ាបង្ហាញពីការតាំងចិត្តរបស់កងទ័ពជើងទឹកអាម៉េរិកដើម្បីការពារដៃគូក្នុងតំបន់និងការពារសន្តិសុខសមុទ្រ”ដែលនេះសបញ្ជាក់ពីការត្រៀមខ្លួនគ្រប់ពេលវេលារបស់កងទ័ពជើងទឹកដើម្បីការពារប្រឆាំងរាល់ការគំរាមកំហែងទាំងពួង។ កងទ័ពជើងទឹកបានបន្ថែមថា នាវា USS Georgia គឺបំពាក់មីស៊ីលវាយប្រហារលើដីគោក Tomahawk ចំនួន ១៥៤ គ្រាប់និងអាចដឹកកងកម្លាំងប្រតិបត្តិការពិសេសចំនួន ៦៦ នាក់៕
នាវា USS Georgia ឆ្លងកាត់ច្រកសមុទ្រហ័រមូសកាលពីថ្ងៃចន្ទ