ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក ហួរ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់ បានបង្ហោះ សារ តាមបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ នេះថា អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ សូមធ្វើការបំភ្លឺ ជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤:៥៥ នាទី ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានករណីហិង្សា ដោយចេតនា និងធ្វើអោយខូចខាត ដោយចេតនា បានកើតឡើង រវាងក្រុមហ៊ុន លោកឧកញ៉ា ភឺន ផល្លា និងប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួស ទាំងសងខាង ដោយភាគីក្រុមហ៊ុនលោកឧកញ៉ា ភឺន ផល្លា រងរបួស ចំនួន ២នាក់ (ប្រុស) រីឯភាគីប្រជាពលរដ្ឋ រងរបួសចំនួន ៣នាក់ (ស្រី១នាក់)។
លោក ហួរ យ៉ៃ បានបញ្ជាក់ថាៈ មូលហេតុ ដោយសារខាងក្រុមហ៊ុន បានចុះហាមឃាត់ ប្រជាពលរដ្ឋ មិនអោយសាងសង់ផ្ទះ លើដីជម្លោះ ទើបបណ្តាលឱ្យ កើតអំពើហិង្សាឡើង។
លោកបានបញ្ជាក់បន្តថាៈ ក្រោយពេលកើតហេតុ កំលាំងយើង បានចុះទៅអន្តរាគមន៍ ប៉ុន្តែប្រជាពលរដ្ឋ បានប្រមូលផ្តុំគា្ន កាន់តែច្រើនឡើងៗ ហើយបិទផ្លូវ មិនអោយខាង ក្រុមហ៊ុន លោកឧកញ៉ា ភឺន ផល្លា ចេញមកក្រៅ ហើយចោទថា ខាងក្រុមហ៊ុនប្រើអំពើ ហិង្សា ហើយបាញ់គំរាមប្រជាពលរដ្ឋ ថែមទៀត បន្ទាប់មក ពួកគេ ក៏នាំគ្នាប្រមូលផ្តុំ ហើយប្រើហិង្សា ដោយប្រើដុំថ្មគប់ និងវាយទៅក្រុមលោកឧកញ៉ា ភឺន ផល្លា ហើយថែម ទាំង វាយ (កម្ទេច) រថយន្តផងដែរ បណ្តាលឱ្យរងរបួសមនុស្សមួយចំនួន និងខូចខាតរថយន្ត ១គ្រឿង (រុញក្រឡាប់)។
លោក ហួរ យ៉ៃ បានឱ្យដឹងថាៈ បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សប្រុស ចំនួន ៨ នាក់ រួមមានៈ ១.ឈ្មោះ គង់ រក្សា អាយុ៣៦ឆ្នាំ មានលំនៅ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ , ២.ឈ្មោះ សាំង កូ អាយុ១៩ឆ្នាំ , ៣.ឈ្មោះ សុខ ភារម្យ អាយុ៣១ឆ្នាំ , ៤.ឈ្មោះ សៀ រដ្ឋា អាយុ៣៦ឆ្នាំ , ៥.ឈ្មោះ ឡៅ តឹកយូ អាយុ៥៧ឆ្នាំ, ៦.ឈ្មោះ ចក់ សុគន្ធ អាយុ៥៦ឆ្នាំ, ៧.ឈ្មោះ សុង ចិន អាយុ ៣០ ឆ្នាំ និង៨.ឈ្មោះ ផាន សាពេជ្រ អាយុ ៣៧ ឆ្នាំ ។ ទាំង ៧ នាក់នេះ មានលំនៅ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
លោក ហួរ យ៉ៃ បានឱ្យដឹងទៀតថាៈ ចំពោះការចោទថា មានបាញ់បោះ ផ្ទុះអាវុធ សមត្ថកិច្ច កំពុងស៊ើបសួរស្រាវជ្រាវ ជាបន្តទៀត៕/V-PC