ប្រែសម្រួល : កញ្ញាដាលីស/ឡុងដ៍ ៖ អតីតបវរកញ្ញាអង់គ្លេសម្នាក់បានលាតត្រដាងពីតួនាទីរបស់នាងនៅជួរមុខនៃក្រុមបង្កើតវ៉ាក់សាំងកូវីដ១៩។
វេជ្ជបណ្ឌិត ខារីណា ថាយរែល អាយុ ៣១ ឆ្នាំបានគ្រវាត់ចោលឈុតប៊ីគីនី ឈុតរ៉ូប និងកម្មវិធីប្រឡងបវរកញ្ញាផ្សេងៗដើម្បីចំណាយពេលស្រាវជ្រាវកាលពីឆ្នាំមុននៅឯសាកលវិទ្យាល័យអក់ស្វត។
វីរនារីវិទ្យាសាស្ត្ររូបនេះបាននិយាយអំពីក្តីរីករាយរបស់នាងបន្ទាប់ពីការងាររបស់នាងបានជួយអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលចាប់ផ្តើមចាក់វ៉ាក់សាំងការពារមនុស្សប្រឆាំងនឹងវីរុសកូរ៉ូណា។
នាងគឺជាផ្នែកមួយនៃក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យអក់ស្វត ដែលធ្វើការមិនខ្លាចនឿយហត់ដើម្បីធ្វើឱ្យប្រាកដថា វ៉ាក់សាំងមានសុវត្ថិភាពដើម្បីផ្តល់ឱ្យសមាជិកសាធារណៈអង់គ្លេសទាំងអស់។
វេជ្ជបណ្ឌិតថាយរែលបានសហការជាមួយអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតមកពីជុំវិញពិភពលោកដើម្បីធានាថាការសាកល្បងវ៉ាក់សាំងត្រឹមត្រូវគឺទទួលបានថវិកាត្រឹមត្រូវចំទិសដៅ។
បន្ទាប់មក ពួកគេបានធ្វើការស្វែងរកវ៉ាក់សាំងដែលសមស្របបំផុតដោយប្រៀបធៀបរាល់ការសាកល្បងផ្សេងគ្នានៅទូទាំងពិភពលោក។
ក្រុមរបស់នាងទទួលខុសត្រូវចំពោះការស្រាវជ្រាវលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Oxford AstraZeneca។
នាងនិយាយថា “ខ្ញុំបានមើលរាល់វ៉ាក់សាំងទាំងអស់ជាមួយក្រុមស្រាវជ្រាវ ហើយយើងបានចេញផ្សាយស្នាដៃការងារកាលពីប៉ុន្មានខែមុន។ នៅគ្រានោះ យើងបានសម្លឹងមើលការសិក្សាចំនួន ៧២៨។ សម្លឹងមើលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Oxford AstraZeneca។ ខ្ញុំបានសម្លឹងរកមើលវ៉ាក់សាំងនិងការសាកល្បងព្យាបាល ដោយព្យាយាមកំណត់វ៉ាក់សាំងគួរជាទីរំពឹងបំផុត និងបេក្ខជនវ៉ាក់សាំងសម្រាប់ព្យាបាល”។
នាងបន្តថា “ហើយពិតណាស់ គឺត្រូវប្រាកដថាវ៉ាក់សាំងនឹងពាក់ព័ន្ធគ្នាសម្រាប់ក្រុមអ្នកប្រើជាក់លាក់។ ក្នុងចំណោមប្រជាជន អ្នកមានប្រវត្តិជាតិសាសន៍ អាយុ និងស្ថានភាពសុខភាពផ្សេងគ្នា ដូច្នេះត្រូវប្រាកដថា គ្មាននរណាម្នាក់ត្រូវទុកចោលនោះឡើយ”៕
វេជ្ជបណ្ឌិត ខារីណា ថាយរែល ជាផ្នែកមួយនៃក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យអក់ស្វតដើម្បីបង្កើតវ៉ាក់សាំងកូវីដ១៩