Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ពីរ​គ្...

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា ក្នុង​ដំណើរ​ច្រាសទិស បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួស​បីនាក់​

ដោយៈ អង្គរតូច / សៀមរាបៈ បុរស​ម្នាក់ បាន​ស្លាប់ ចំណែក​មនុស្ស​ប្រុស​ស្រី ៣ នាក់​ទៀត បាន​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត បុក​ជាមួយ​រថយន្ត ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៦​ល្ងាច ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ។​

​បើតាម​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​ជីក្រែង បានឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​នោះ កើតឡើង​រវាង​រថយន្ត​ម៉ាក Mazda ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០២.៩៥៧៤ បើកបរ​ទិសដៅ​ពី​ខាងលិច ទៅខាង​កើត និង​រថយន្ត​ម៉ាក Jeep ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BE១៧៣៨ បើកបរ​ទិសដៅ ពី​ខាងកើត ទៅខាង​លិច ហើយ​បាន​បុក​ទង្គិច​គ្នា ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ១​នាក់ និង​របួស​មនុស្ស​ចំនួន​៣​នាក់​។
​ជនរងគ្រោះ ទី​១.​ឈ្មោះ សំ ពាយ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ មាន​លំនៅ នៅក្នុង​បុរី ប៉េង ហួត បឹង​ស្នោរ ខ័​ណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ស្លាប់​, ទី​២.​ឈ្មោះ ពុធ ពិសី ភេទ​ស្រី អាយុ ៣៨ ឆ្នាំ ជា​ប្រពន្ធ​សាកសព របួសធ្ងន់ និង​ទី​៣.​ឈ្មោះ យូ រ៉ូ ភេទ​ប្រុស អាយុ ២​ឆ្នាំ ត្រូវជា​កូន រងរបួស​ស្រាល ពួកគេ​ជា​អ្នករួមដំណើរ​ក្នុង​រថយន្ត Jeep និង​ទី​៤.​ឈ្មោះ សួន សុ​កូ​ឡា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​កង​តា​ណឹ​ង​ទី​៨ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ជា​អ្នកបើកបរ​រថយន្ត Jeep រងរបួស​ស្រាល​។ ចំ​ណែ​អ្នកបើកបរ រថយន្ត​ម៉ាក Mazda ពណ៌​ត្រេអ៊ី បាន​គេចខ្លួនបាត់ នៅពេល​ក្រោយ​កើតហេតុ​ភ្លាមៗ​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ក្រោយ​បញ្ជូន​អ្នករងរបួស ទៅ​មន្ទីរពេទ្យ ស្រុក​សូទ្រនិគម និង​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ រថយន្ត​ទាំង ២ គ្រឿង បាន​ត្រូវ​សមត្ថកិច្ច​ជំនាញ យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង ដើម្បី​អនុវត្តតាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular