ប្រែសម្រួល : កញ្ញាដាលីស/ញូវយ៉ក ៖ ក្មេងប្រុសអាយុ៩ឆ្នាំមកពីរដ្ឋតិចសាស់បានឈរនៅលើកំពូលតារាងនៃបញ្ជី YouTubers ប្រចាំឆ្នាំ ដែលរកចំណូលបានខ្ពស់បំផុតចងក្រងដោយទស្សនាវដ្តី Forbes សម្រាប់ឆ្នាំទី ៣ ជាប់គ្នា ដោយរកចំណូលបានជិត ៣០ លានដុល្លារអាម៉េរិកនៅឆ្នាំនេះ។
កុមារដ៏មានឥទ្ធិពលលើបណ្តាញយូធូបឈ្មោះ រ៉ាយអែន កាជី ធ្វើការបរិយាយប្រដាប់ប្រដាក្មេងលេងនិងហ្គេមនៅលើបណ្តាញយូធូបរបស់គាត់ឈ្មោះ Ryan’s World ដែលមានអ្នកចុច Subscribe ជាង ៤១,៧ លាននាក់និងមានអ្នកចូលមើល ១២,២ ពាន់លានដង។
វីដេអូ ដែលមានប្រជាប្រិយបំផុតរបស់គាត់ គឺមានចំណងជើងថា “Huge Eggs Surprise Toys Challenge” ដែលមានអ្នកទស្សនាជាង ២ ពាន់លានដង ដោយធ្វើឱ្យវាក្លាយជាវីដេអូមួយក្នុងចំណោមវីដេអូចំនួន ៦០ ដែលគេមើលច្រើនបំផុតមិនធ្លាប់មាននៅលើគេហទំព័រយូធូប។
ក្រៅពីទឹកប្រាក់ចំនួន ២៩,៥ លានដុល្លារអាមេរិក ដែលគាត់រកបានពីវីដេអូអំពី “ការបើកប្រអប់ផលិតផល” រួចបរិយាយអំពីប្រដាប់ប្រដាក្មេងលេងទាំងនោះ ផលិតផលយីហោផ្ទាល់របស់រ៉ាយអែន ដែលលក់នៅផ្សារ Target, Amazon និង Walmart រកចំណូលបាន ២០០ លានដុល្លារអាម៉េរិកថែមទៀតក្នុងការលក់កាលពីឆ្នាំមុន។
ទស្សនាវដ្តី Forbes បានរាយការណ៍ថា កុមារនេះក៏បានចុះកិច្ចព្រមព្រៀងជាមួយឆានែលកុមារឈ្មោះ Nickelodeon សម្រាប់ស៊េរីវីដេអូភាគមួយ ដែលមានឈ្មោះថា Ryan’s Mystery Playdate ៕
រ៉ាយអែនរកបាន២៩,៥ លានដុល្លារពីយូធូបនៅឆ្នាំ២០២០