ប្រែសម្រួល : កញ្ញាដាលីស/ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនកុំឱ្យនាំគ្នាប្រកាសអាសន្នចំពោះការប្រែរូបរាងរបស់វីរុសកូរ៉ូណាថ្មីដែលឆ្លងខ្លាំងនៅចក្រភពអង់គ្លេសដោយនិយាយថា នេះជាផ្នែកធម្មតានៃការវិវត្តន៍នៃជំងឺរាតត្បាត។
ក្រុមមន្ត្រីអង្គការសុខភាពពិភពលោកថែមទាំងបង្ហាញទស្សនៈវិជ្ជមានទៅលើការរកឃើញដានវីរុសកូរ៉ូណាថ្មីទៀតផងដែលញ៉ាំងឱ្យប្រទេសមួយចំនួនដាក់ការរឹតត្បិតការធ្វើដំណើរលើចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង ដោយនិយាយថា ឧបករណ៍ថ្មីដើម្បីតាមដានវីរុសកូរ៉ូណាកំពុងមានប្រសិទ្ធភាព។
លោក ម៉ៃ រ៉ាយអែន ប្រធានផ្នែកគ្រាអាសន្នរបស់អង្គការ WHO បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណេតថា “យើងត្រូវរកតុល្យភាព។ វាចាំបាច់ណាស់ក្នុងការមានតម្លាភាព វាមានសារៈសំខាន់ណាស់ក្នុងការប្រាប់ដល់សាធារណជននូវរបៀបដែលវីរុសវិវត្តន៍ខ្លួន ប៉ុន្តែវាក៏សំខាន់ផងដែរក្នុងការនិយាយថា នេះគឺជាផ្នែកធម្មតានៃការវិវត្តន៍របស់វីរុស”។
“ការដែលអាចតាមដានវីរុសប្រភេទនេះដោយយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នរបៀបនេះ ដោយផ្អែកលើវិទ្យាសាស្ត្រទាន់ពេលវេលារបៀបនេះគឺជាការវិវឌ្ឍវិជ្ជមានមួយសម្រាប់សុខភាពសាធារណៈសកល ហើយបណ្តាប្រទេសដែលតាមដានបែបនេះគួរតែទទួលបានការសរសើរ”។
ដោយដកស្រង់ទិន្នន័យពីអង់គ្លេស មន្ត្រី WHO និយាយថា ពួកគេមិនមានភស្តុតាងបង្ហាញការប្រែប្រួលរូបរាងរបស់វីរុសកូរ៉ូណាធ្វើឱ្យមនុស្សឈឺឬស្លាប់ខ្ពស់ជាងវីរុសកូវីដ១៩កន្លងមកនោះទេទោះបីជាវាហាក់ឆ្លងរាលដាលយ៉ាងងាយក៏ដោយ។
លោករ៉ាយអែននិយាយថាបណ្តាប្រទេសដែលដាក់បម្រាមលើការធ្វើដំណើរគឺធ្វើឡើងដោយសារការប្រយ័ត្នប្រយែង ខណៈពួកគេកំពុងវាយតម្លៃហានិភ័យ។លោកបន្ថែមថា “នោះគឺជាការប្រុងប្រយ័ត្ន។ ប៉ុន្តែវាក៏សំខាន់ដែរ ដែលអ្នករាល់គ្នាត្រូវដឹងថា វាត្រូវតែកើតឡើង ការប្រែប្រួលរូបរាងរបស់មេរោគឬវីរុសគឺត្រូវកើតឡើងចឹងឯង”៕
លោក ម៉ៃ រ៉ាយអែន ប្រធានផ្នែកគ្រាអាសន្នរបស់អង្គការ WHO ដាស់តឿនកុំឱ្យនាំគ្នាប្រកាសអាសន្នចំពោះការប្រែរូបរាងរបស់វីរុសកូរ៉ូណាថ្មី