ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធនិងច្រានចោលចំពោះការចោទប្រកាន់របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)ទាក់ទងការបើកសវនាការលើសំណុំរឿងចំនួន ២៨របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូងដែលក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធចោលលើបណ្តឹងខ្លួនដោយខុសនឹងគតិច្បាប់និងតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការពេញទាំងមូល។
លោកតាំងរតនាអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងក្នុងសន្និសីទនៅព្រឹកថ្ងៃទី២២ខែធ្នូនេះថាក្រុមប្រឹក្សាធម្មនុញ្ញមិនអាចទទួលយកបានទេចំពោះការចោទប្រកាន់េបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកលើក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញមិនបានបិទសិទ្ធិមិនឲ្យតំណាង LDP និយាយក្នុងសវនាការកាលពីថ្ងៃទី២១ ខែធ្នូនោះដែរ។ ក្រុមប្រឹក្សាធម្មនុញ្ញធ្វើការដោយយកចិត្តទុកដាក់។
សូមរលឹកថានៅអគារ “ស” វិមានរដ្ឋចំការមន ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានលោក កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូបានបើកសវនាការ ជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿង ចំនួន ២៨ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។
អង្គសវនាការនេះ មានការចូលរួមពីសំណាក់ អ្នកប្តឹងចំនួន ១២រូប តំណាងឱ្យគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងមានការចូលរួម ពីតំណាងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចំនួន ៤រូប ព្រមទាំងសាធារណជន ផងដែរ។
សំណុំរឿងចំនួន ២៨ នេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចទទួលពាក្យបណ្ដឹង ទាំង ២៨ សំណុំរឿងនេះ ទុកជាត្រឹមត្រូវ តាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោល ដោយខុសនឹងគតិច្បាប់។ តម្កល់សេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការពេញទាំងមូល។ សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ត ទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយ ក្នុងរាជកិច្ច៕សរន