ប្រែសម្រួលៈវាសនា/កាប៊ុល៖អ្នកកាសែតក្នុងស្រុកដ៏លេចធ្លោមួយរូប ត្រូវបានឃាតករបាញ់សម្លាប់នៅក្នងខេត្តហ្កាសនីរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ។នេះជាអ្នកសារព័ត៌មានទី៤ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសហែកហួរដោយសង្គ្រាមនៅរយៈពេលតែ២ខែមកនេះ។
អ្នកកាសែត រ៉ាម៉ាទូឡា ណេកហ្សាត ត្រូវបានបាញ់សម្លាប់នៅពេលលោកចេញពីផ្ទះនៅទីក្រុងហ្កាសនី និងដើរទៅកាន់ព្រះវិហារក្បែរនោះ។
លោក ណេកហ្សាតដែលក៏ជាប្រធានសហភាពអ្នកកាសែតហ្កាសនី មានឈ្មោះល្បីនៅក្នុងតំបន់។លោកបានចូលរួមធ្វើការជាមួយទីភ្នាក់ងារសារព័ត៌មានAP ចាប់តាំងពីឆ្នាំ២០០៧ និងពីមុនធ្លាប់ធ្វើការអោយទូរទស្សន៍Al Jazeera។
គណៈកម្មាធិការការពារអ្នកកាសែតបានថ្កោលទោសការសម្លាប់នេះ និងការវាយប្រហារផ្សេងទៀតលើអ្នកកាសែតនៅអាហ្វហ្គានីស្ថាន។
មន្ត្រីនៃគណៈកម្មាធិការនេះបាននិយាយថា« ការសម្លាប់អ្នកកាសែតកាលពីពេលថ្មីៗនៅអាហ្វហ្គានីស្ថាន មិនអាចទទួលយកបាន ហើយរដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវតែបង្កើនកិច្ចខិតខំទ្វេដើម្បីធានាយុត្តិធម៌និងសុវត្ថិភាពដល់សមាជិកប្រព័ន្ធផ្សព្វផ្សាយ»។
អាប់ឌុល មូជីប ខាល់វ៉ាតហ្កា នាយកអង្គការសេរីភាពសារព័ត៌មានអាហ្វហ្គានីស្ថាន បាននិយាយថា លោកណេកហ្សាត បានទទួលការគំរាមមកពីប្រភពផ្សេងៗនៅប៉ុន្មានឆ្នាំមកនេះ និងលោកបានជូនដំណឹងដល់មន្ត្រីអាហ្វហ្គានីស្ថាន។
ក្នុងអាជីពជាអ្នកាសែត លោកណេកហ្សាតត្រូវបានចាប់ឃាត់ខ្លួនជាច្រើនលើកដោយអាម៉េរិក រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមបះបោរតាលីបង់។
ក្រុមតាលីបង់ក្នុងពេលជាមួយគ្នា បានប្រកាសថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់នេះទេ និងបានហៅវាថាជាការវាយប្រហារដ៏កំសាក និងជាការខាតបង់មួយសំរាប់ប្រទេស៕
អ្នកកាសែត រ៉ាម៉ាទូឡា ណេកហ្សាត ថតនៅក្រុងកាប៊ុល កាលពីឆ្នាំមុន