ដោយ: បាយ័ន / សៀមរាប: នៅពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរ ដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តរុះរើសំណង់នៅតាមបណ្តោយស្ទឹងសៀមរាប។
លោកអភិបាលខេត្តបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលធ្វើការផ្លាស់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី។ ជាមួយគ្នានឹងការចុះពិនិត្យទីតាំងនេះ លោកអភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្រប ទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ចមានការធ្លាក់ចុះ បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរដល់រដ្ឋបាលជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់របស់ពួកគាត់មកទីតាំងថ្មី។
សម្មភាពនេះ គឺជាការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាត នាពេលខាងមុខ។ ម្យ៉ាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដបានចប់។
រដ្ឋបាលខេត្តសៀមរាប ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកាយវិកាចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ខេត្តសៀមរាប ឱ្យមានសោភ័ណភាព និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត៕