ប្រែសម្រួល : កញ្ញាដាលីស/ម៉ានីល ៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីននិយាយកាលពីថ្ងៃចន្ទទី២១ធ្នូថា ប្រទេសហ្វីលីពីនរំពឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Novavax Inc ចំនួន ៣០លានដូសនៅខែកក្កដាឆ្នាំក្រោយ ដែលវានឹងជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជនជាង ១០០ លាននាក់។
ទោះបីជាមានការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើនក៏ដោយ ក៏ហ្វីលីពីនមកទល់ពេលនេះទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់តែមួយប៉ុណ្ណោះដោយមានជំនួយពីវិស័យឯកជនដើម្បីទទួលបានវ៉ាក់សាំងចំនួន ២,៦ លានដូស ដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca ។
ហ្វីលីពីនគ្រោងនឹងទិញវ៉ាក់សាំងចំនួន ២៥ លានដូសពីក្រុមហ៊ុនចិន Sinovac Biotech សម្រាប់ចែកចាយនៅត្រឹមខែមីនា និងមានគោលបំណងទិញវ៉ាក់សាំងចន្លោះពី ៤ ទៅ ២៥លានដូសទៀតពីក្រុមហ៊ុន Moderna និងក្រុមហ៊ុន Arcturus Therapeutics Holdings Inc.។
រដ្ឋមន្ត្រីក្រសួងការបរទេស ថេអូដូរ៉ូ ឡុកស៊ីន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN Philippines ថា “វ៉ាក់សាំង Novavax ដែលផលិតនៅឥណ្ឌាចំនួន ៣០លានដូសត្រូវបានធានាបានរួចហើយដោយមិនចាំបាច់បង់ប្រាក់កក់មុនទេ។ វានឹងអាចរកបាននៅខែកក្កដាឆ្នាំ ២០២១”។
លោកបាននិយាយថា ព័ត៌មាននេះគឺទទួលបានពីវិទ្យាស្ថានសឺរ៉ាំឥណ្ឌា ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេនៅលើពិភពលោកហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់អាចនឹងត្រូវចុះហត្ថលេខាមុនដំណាច់ឆ្នាំនេះ។
លោកឡុកស៊ីននិយាយថា ការចរចាជាមួយក្រុមហ៊ុន Moderna នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ជាមួយករណីឆ្លងចំនួន ៤៥៩.៧៨៩ នាក់និងស្លាប់៨.៩៤៧ នាក់ ហ្វីលីពីនកត់ត្រាចំនួនឆ្លងកូវីដ១៩ខ្ពស់បំផុតទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី៕
វ៉ាក់សាំងកូវីដ១៩ Novavax របស់ឥណ្ឌាចំនួន ៣០ លានដូសនឹងដឹកដល់ហ្វីលីពីននៅខែកក្កដាឆ្នាំក្រោយ