ដោយ: ប.ជ័យ / បន្ទាយមានជ័យ: បុរស២នាក់ដែលជាអ្នកបើក និងអ្នករួមដំណើរ បានបើកបរម៉ូតូទៅបុកពីក្រោយរថយន្តខូចឈប់ ពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ កាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតរោងចក្រទឹកកក ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី២២ខែធ្នូថា ៖ ជនរងគ្រោះ ឈ្មោះ ឈឿម ចក់ ភេទប្រុសអាយុ២៩ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដាសេរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក.៨៥០៩ បជ១។ និងអ្នករួមដំណើរ ឈ្មោះម៉ៅ ពេជ្រ ភេទប្រុសអាយុ៣២ឆ្នាំ ទាំង២នាក់ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការពិនិត្យគំនូសស្នាមឃើញថា មុនពេលកើតហេតុនោះបុរសទាំង២នាក់បើកម៉ូតូដែលអត់ភ្លើងបំភ្លឺ ក្នុងទិសពីកើតទៅលិចក្នុងល្បឿនលឿន ដោយសង្ស័យអ្នកទាំង២ ស្ថិតក្រោមឥទ្ធិពលស្រវឹងទៀតផង។
ពេលបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខ បាត់ដំបង ៣A-១២៩៩ ដឹកស្រូវ តែបានខូច ហើយឈប់ចត។
ប្រភពបន្តថា ទោះបានកាច់មែកឈើដាក់ជាសញ្ញា តែភ្លើងបំភ្លឺមិនគ្រប់គ្រាន់ បណ្តាលម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹងធ្វើឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង ឯអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕