ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលខេត្ត ចុះសាកសួរសុខទុក្ខ និងបាននាំយកថវិកា ចំនួន ១៤លាន ៨០ម៉ឺនរៀលរបស់លោកអភិបាលខេត្ត និងអង្គភាពស្នងការដ្ឋាន ជូនចំពោះមន្ត្រីនគរបាល ដែលរលាកភ្លើង ក្នុងការបំផ្លាញចោលស្រា ស ស្រាថ្នាំ និងមេស្រ កន្លងទៅថ្មីៗនេះ ហើយមន្ត្រីនោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
អំណោយជាថវិកា ដែលបាននាំយកទៅប្រគល់ ជូនមន្ត្រីនគបាល ដែលរងគ្រោះដោយសារឆេះភ្លើង រលាកពេញខ្លួន គឺបានមមកពី ការចូលរួមឧបត្ថម្ភពី លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងមន្ត្រីនៅតាមបណ្តា ការិយាល័យ នៃស្នងការដ្ឋាននគបាលខេត្ត ទាំងអស់។
មន្ត្រីនគបាលរងគ្រោះរូបនោះ គឺលោកអនុសេនីយ៍ឯក វ៉ាន់ គឹមឆេ អត្តលេខសម្គាល់ 80529 នៃការិយាល័យអន្តោប្រវេសន៍ ដែលបានរងគ្រោះ ក្នុងបេសកម្មដុតកម្ទេចស្រាស ស្រាថ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ ដោយសារតែការផ្ទុះប៊ីដុងស្រាស ស្រាថ្នាំ រងការឆេះរលាក ពាសពេញខ្លួន ហើយត្រូវបានដឹក យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
អាណាព្យាបាល របស់មន្ត្រីនគបាលរងគ្រោះនេះ បានបញ្ជាក់ឲ្យដឹង អំពីស្ថានភាពជំងឺរបស់កូនគាត់ថា ពេលនេះ មានស្ថានភាពធូរស្រាល ច្រើនហើយ ក៏ប៉ុន្តែ ក្រុមគ្រូពេទ្យ នៅមិនទាន់អនុញ្ញាត ឲ្យវិលទៅលំនៅឋានវិញ ដោយត្រូវនៅតាមដានស្ថានភាពជំងឺ មួយរយៈបន្តទៀត ថាវាវិវត្តន៍ល្អប្រសើរយ៉ាងណាទៀត៕/V