ដោយៈ ជាសីហៈ/ភ្នំពេញៈ ប្រទេសកម្ពុជា គឺជា ប្រទេសមួយ ក្នុងចំណោមប្រទេស ដែលយូនីសេហ្វ នឹងដឹកជញ្ជូនថ្នាំបង្ការផ្តល់ជូន ក្រោមកិច្ច ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ សហការយ៉ាងជិតស្និទ្ធជាមួយ អង្គការ សុខភាពពិភព លោក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌៌មានរបស់អង្គការយូនីសេហ្វនៅថ្ងៃទី២២ខែធ្នូនេះ។
អង្គការយូនីសេហ្វ ដែលបានកំពុងតែ ដាក់ចេញនូវផែនការ ដឹកជញ្ជូន ថ្នាំបង្ការជំងឺកូវីដ-១៩ ឲ្យបាន រហូតដល់ ៨៥០ តោនក្នុងមួយខែ តាមរយៈយន្តការ COVAX នៅក្នុង ប្រតិបត្តិការភស្តុភារ “ខ្នាតធំជាប្រវត្តិសាស្ត្រ”បានអះអាងថា ខ្លួន នឹងជួយកិច្ចការនេះជាមួយនឹងប្រទេសកម្ពុជាផងដែរ ។
អង្គការនេះបានអះអាងថា ក្រោមកិច្ចសហការ ជាមួយនឹង សម្ព័ន្ធថ្នាំបង្ការសកល (Gavi) និងអង្គការ សុខភាពពិភព លោក – យូនីសេហ្វកំពុងគាំទ្រ ដល់ ប្រទេស មាន ចំណូល ទាប និង ចំណូលមធ្យម កម្រិតទាប ដើម្បីត្រៀមទទួលថ្នាំបង្ការជំងឺ កូវីដ-១៩ ក្នុងឆ្នាំ២០២១។
លោកស្រី ហិនរីតា ហ្វរ នាយិកាប្រតិបត្តិយូនីសេហ្វ បានមានប្រសាសន៍ថា “នេះគឺជា ប្រតិបត្តិការ ដ៏ធំសម្បើម ជា ប្រវត្តិសាស្ត្រ ។ នេះគឺជាកិច្ចការដែលមានទំហំធំ ហើយ នឹងផ្ដល់អត្ថប្រយោជន៍ យ៉ាង ច្រើនដែលមិនធ្លាប់មាន ពីមុនមក ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញ កិច្ចការនេះ”។
នៅកម្ពុជា យូនីសេហ្វ កំពុង ធ្វើការជាមួយ ក្រសួង សុខាភិបាល និងអង្គការ សុខភាពពិភព លោក ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់ថ្នាំបង្ការនេះ។ ដៃគូនានាកំពុងធ្វើការងារ រួមគ្នា ដើម្បីរៀបចំ យុទ្ធសាស្ត្រសម្រាប់ ចែកចាយថ្នាំបង្ការ វាយតម្លៃលើការគ្រប់គ្រងថ្នាំបង្ការ និងសមត្ថភាព នៃ ប្រព័ន្ធ ស្តុកដែលអាចរក្សាសីតុណ្ហភាពត្រជាក់បាន គាំទ្ររៀបចំសំណើរសុំជំនួយលើឧបករណ៍ស្តុកពីដែលអាចរក្សាសីតុណ្ហភាពត្រជាក់ពី Gavi និងរៀបចំផែនការជំនួសឧបករណ៍ចាស់ៗ ធ្វើការ ប៉ាន់ប្រមាណពីចំណាយ និងតម្រូវ ការ ប្រតិបត្តិការ និង រៀបចំ ការអប់រំផ្សព្វផ្សាយ ការ ស្វែងរកមតិគាំទ្រ និង ការ ជំរុញ ឲ្យមានតម្រូវការ។ នៅថ្នាក់ក្រោមជាតិ យូនីសេហ្វនឹង គាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកៀរគរ និង បំផុស ចលនាសហគមន៍ ហើយ ក្នុងពេលជាមួយគ្នា ជួយ ពិនិត្យតាមដាន ការយុទ្ធនាការ ចាក់ថ្នាំបង្ការ ផងដែរ។
ការ វាយតម្លៃជាសកលដែលធ្វើឡើងដោយយូនីសេហ្វ ពិនិត្យលើ សមត្ថភាព ដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងសកលលោកទាំងមូល និងច្រកផ្លូវ សម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពី បញ្ហាប្រឈម ដែលកើតមាន ក្នុង ការ ដឹកជញ្ជូនថ្នាំបង្ការជំងឺ កូវីដ-១៩ ក្នុងឆ្នាំ២០២១។ ការវាយតម្លៃបានរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម នឹង អាច ដឹកជញ្ជូនថ្នាំបង្ការ ទៅកាន់ប្រទេស ដែលមានចំណូល ទាប និង ប្រទេស ដែលមានចំណូលមធ្យមកម្រិត ទាប ស្ទើរតែទាំង ៩២ប្រទេស ដែល ជា ប្រទេស ស្ថិតក្នុងចំណោមប្រទេស ចំនួន១៩០ ដែល ចូលរួម នៅក្នុងកម្មវិធី COVAX ជាមួយនឹង ការប៉ាន់ប្រមាណថវិកា ចំណាយរហូតដល់ ៧០លានដុល្លារអាមេរិក៕