Home ព័ត៌មានសំខាន់ៗ ​សេចក្តីព្រាង...

​សេចក្តីព្រាងច្បាប់ ៣ ពាក់ព័ន្ធ​វិស័យ​អាកាសចរណ៍ បាន​ឆ្លងកាត់​ព្រឹទ្ធសភា ដោយ​ជោគជ័យ​

​ដោយៈ សុផល / ភ្នំពេញៈ សេចក្តីព្រាងច្បាប់ ចំនួន​៣ ដែល​ទាក់ទង​នឹង​វិស័យ​អាកាសចរណ៍ និង​ការហោះហើរ​ផ្លូវអាកាស បាន​ត្រូវ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ ចំនួន ៥៧ សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ សេចក្តីព្រាងច្បាប់ ទាំងបី​នេះ​។​

​សេចក្តីព្រាងច្បាប់​ទាំងបី មាន​៖​ទី​១-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់ ទៅវិញទៅមក លើ​ការផ្តល់​អាជ្ញា​បណ្ណ ក្រុម​អាកាសយានិក កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់ ទៅវិញទៅមក លើ​ការផ្តល់​អាជ្ញា​បណ្ណ ក្រុម​អាកាសយានិក មាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទី​២-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖
១.​ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ លើ​ជើងហោះហើរ ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ ។ ២.​ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន នៅក្នុង​ទឹកដី នៃ​ប្រទេស ជា​សមាជិក​អាស៊ាន និង​៣-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ពិធីសារ​អនុវត្ត កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម ពិធីសារ​អនុវត្ត កញ្ចប់​កិច្ចសន្យា​ទី​៩ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាង​ប្រទេស ជា​សមាជិក​អាស៊ាន ទាំង​១០​។​

​សូមជម្រាបថា កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់ ទៅវិញទៅមក លើ​ការផ្តល់​អាជ្ញា​បណ្ណ ក្រុម​អាកាសយានិក ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ប្រទេស​សិង្ហ​បុរី ក្នុងឱកាស​កិច្ចប្រជុំ រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លើក​ទី​២៣ ដើម្បី​សម្រេច​គោលបំណង គាំទ្រ​ចក្ខុវិស័យ នៃ​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០២៥ តាមរយៈ​ការធ្វើសមាហរណកម្ម យ៉ាង​ស៊ីជម្រៅ​គ្រប់​វិស័យ ជាពិសេស​ការកសាង ឱ្យបាន​នូវ​ទីផ្សារ​អាកាសចរ អាស៊ាន​តែមួយ ដែលមាន​លក្ខណៈ​ប្រកួតប្រជែង និង​មាន​ភាពរឹងមាំ នៅក្នុង​តំបន់​អាស៊ាន ជួយ​សម្រួល និង​លើកកម្ពស់ សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​អាកាស នៅក្នុង​តំបន់​អាស៊ាន កាត់បន្ថយ​របាំង​បច្ចេកទេស នៃ​វិស័យ​អាកាសចរណ៍ ដែល​ត្រួតគ្នា និង​គ្មាន​ប្រសិទ្ធភាព និង​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព និង​សន្តិសុខ​អាកាសចរ​ក្នុង​កម្រិត​ខ្ពស់បំផុត ដែល​ផ្តល់​ទំនុកចិត្ត ដល់​សាធារណជន ក្នុងការ​ធ្វើដំណើរ តាមផ្លូវ​អាកាស នៅក្នុង​តំបន់​អាស៊ាន​។ សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង មាន ០២ មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម ជា​លើកដំបូង ចំនួន ១១៣ សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖ ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ លើ​ជើងហោះហើរ ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី នៃ​ប្រទេស ជា​សមាជិក​អាស៊ាន ណាមួយ និង​ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន នៅក្នុង​ទឹកដី នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​គោលបំណង ពង្រឹង​កិច្ច សហប្រតិបត្តិការ លើ​ផ្នែក​សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​អាកាស នៅក្នុង​ចំណោម​ប្រទេស ជា​សមាជិក​អាស៊ាន ដើម្បី​ការប្រកួតប្រជែង កាន់តែ​ប្រសើរ និង​ទាក់ទាញ ការធ្វើដំណើរ តាមផ្លូវ​អាកាស នៅក្នុង​តំបន់​អាស៊ាន កាត់បន្ថយ​របាំង​សេដ្ឋកិច្ច និង​បច្ចេកទេស ក្នុង​ការធ្វើ​សេរីភាវូបនីយកម្ម ពេញលេញ នៃ​សេវាកម្ម ដឹកជញ្ជូន អ្នកដំណើរ​តាមផ្លូវ​អាកាស ពង្រឹង​និង​ពង្រីក​សិទ្ធិ​ហោះហើរ កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន នៅក្នុង​ទឹកដី​នៃ​ប្រទេស ជា​សមាជិក អាស៊ាន លើ​ដំណើរការ ហោះហើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍ របស់​អាស៊ាន​។ សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង មាន ០២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម ជា​លើកដំបូង ចំនួន ១១៣ សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​។​

​ចំណែក​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ពិធីសារ អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម ពិធីសារ​អនុវត្ត កញ្ចប់​កិច្ចសន្យា​ទី​៩ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាង​ប្រទេស ជា​សមាជិក​អាស៊ាន ទាំង​១០ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រដ្ឋធានី​គូ​ឡា​ឡាំ​ពួ នៃ​ប្រទេស​ម៉ាឡេស៊ី ក្នុងឱកាស​កិច្ចប្រជុំ រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លើក​ទី​២១​។ ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​១០ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាង​ប្រទេស ជា​សមាជិក​អាស៊ាន​ទាំង​១០ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ប្រទេស​សិង្ហ​បុរី ក្នុងឱកាស​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៣ ។​

​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០​នេះ មាន​គោលបំណង ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​សេវាកម្ម ក្នុងចំណោម​ប្រទេស ជា​សមាជិក​អាស៊ាន ឱ្យ​កាន់តែ​ប្រសើរឡើង លើ​ការប្រកួតប្រជែង​ស្មើភាព សមត្ថភាព​ផលិតកម្ម ប្រព្រឹត្ត​កម្ម ផ្គត់ផ្គង់ និង​ការ​ចែកចាយ សេវាកម្ម​របស់​ប្រតិបត្តិ​ករ នៅក្នុង​តំបន់​អាស៊ាន លុបបំបាត់​ការ​រឹតត្បិត​ហួសហេតុ ចំពោះ​ពាណិជ្ជកម្ម​សេវាកម្ម​អាកាសចរ​ស៊ីវិល នៅក្នុង​ចំណោម បណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន និង​ធ្វើ​សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម គាំទ្រ​អាកាសចរ​ស៊ីវិល តាមរយៈ​ការពង្រីក នូវ​វិសាលភាព និង​ភាព​ស៊ីជម្រៅ ឱ្យ​លើសពី​ការអនុវត្ត របស់​ប្រទេស ជា​សមាជិក ដែល​ស្ថិតនៅ ក្រោម​កិច្ចព្រមព្រៀង​ទូទៅ ស្តីពី​ពាណិជ្ជកម្ម​សេវាកម្ម ដែល​នឹង​នាំមក​នូវ ពាណិជ្ជកម្ម ដោយ​សេរី នៅក្នុង​តំបន់​អាស៊ាន​។ សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង មាន ០២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម ជា​លើកដំបូង ចំនួន ១១៣ សំឡេង នៃ​ចំនួន​សមាជិក រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular