ប្រែសម្រួលៈវាសនា/បាងកក៖ថៃនៅថ្ងៃអង្គារទី២២ធ្នូនេះ បានបញ្ជាក់អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៧នាក់ ដោយភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះវីរុសកូរ៉ូណានៅផ្សារបោះដុំអាហារសមុទ្រមួយក្នុងខេត្តសាមុត សាខននៅជិតទីក្រុងបាងកក។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន៣៩៧ករណីជាកម្មករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ាដែលធ្វើការនៅក្នុងឧស្សាហកម្មអាហារសមុទ្រនៅខេត្តសាមុត សាខនហើយការឆ្លងក្នុងស្រុក១៦ករណីទៀត ត្រូវបានរកឃើញនៅក្នងខេត្តផ្សេងតែជាប់ពាក់ព័ន្ធនឹងទីកន្លែងផ្ទុះដដែលនេះទេ។
១៤ករណីទៀត ជាអ្នកផ្ទុកកូវីដ១៩នាំចូលមកពីក្រៅប្រទេស។
សូមបញ្ជាក់ថា ករណីឆ្លងកូវីដ១៩ជាង១.១០០ករណី ភាគច្រើនជាកម្មករមកពីមីយ៉ាន់ម៉ា មិនបានបង្ហាញរោគសញ្ញាកូវីដ១៩ទេ។ពួកគេត្រូវបានតាមដាននិងហៅមកធ្វើតេស្តិ៍ ក្រោយផ្ទុះជំងឺនេះនៅផ្សារមួយដែលមានមនុស្សចេញចូលជាមធ្យម១ពាន់នាក់ក្នុងមួយថ្ងៃ។
អាជ្ញាធរបាននិយាយថា អ្នកទិញអាហារសមុទ្រនៅផ្សារនេះមកពី២២ខេត្ត ចាប់ពីថ្ងៃ០១ធ្នូដល់១៨ធ្នូ ហើយពួកគេគួរចូលខ្លួនមកធ្វើតេស្តិ៍រកវីរុស។
តាវីស៊ីន វីសានុយ៉ូធីន អ្នកនាំពាក្យក្រុមការងារកូវីដ១៩ថៃ បាននិយាយថា« មានមនុស្សប្រមាណ១.០០០នាក់មកពីទូទាំងប្រទេស មកទិញទំនិញនៅផ្សារនេះក្នុងមួយថ្ងៃៗ។តែកុំភ័យ នរណាម្នាក់ដែលបានចូលផ្សារនេះគួរមកធ្វើតេស្តិ៍រកកូវីដ១៩»។
ក្រៅពីខេត្តសាមុត សាខន ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩ ថៃនៅថ្ងៃនេះក៏បានរកឃើញកូវីដ១៩លើមនុស្ស១៦នាក់នៅក្នុងខេត្ត៨ផ្សេងគ្នា ក្នុងនេះមាន៥នាក់នៅក្រុងបាងកក បូករួមទាំ១៤នាក់នាំចូលមកពីក្រៅប្រទេស។
បញ្ជាក់ថា មីយ៉ាន់ម៉ាជាប្រភពកម្លាំងពលកម្មថោកៗសំរាប់ឧស្សាហកម្មអាហារសមុទ្រថៃហើយអាជ្ញាធរសង្ស័យថា កម្មករខ្លះបានលួចចូលមកធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់ ដោយមិនបានឆ្លងកាត់ដំណើរការចត្តាឡីស័កអោយបានត្រឹមត្រូវទេ ជាហេតុនាំអោយផ្ទុះជំងឺនៅក្នុងខេត្តសាមុត សាខន។
មីយ៉ាន់ម៉ា មានអ្នកឆ្លងកូវីដ១៩ចំនួន១១៧.០០០នាក់ ជាមួយនឹងអត្រាឆ្លងមួយពាន់នាក់ក្នុងមួយថ្ងៃនៅមួយរយៈពេលចុងក្រោយនេះ៕
អាជ្ញាធរថៃបង្កើតមន្ទីរពេទ្យកណ្តាលវាលមួយនៅសាមុត សាខន ដើម្បីដោះស្រាយអ្នកឆ្លងយ៉ាងគំហ៊ុកនិងធ្វើតេស្តិ៍មនុស្សដ៏ច្រើន