ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ និងសមត្ថកិច្ចស៊ីម៉ាក់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាប្រភេទគ្រាប់កាំភ្លើង បាញ់យន្តហោះ ក្នុងនោះ ក្បាលគ្រាប់ DCA 37mm ចំនួន ១២០ គ្រាប់ និងក្បាលគ្រាប់ 12mm ចំនួន ១១២ គីឡូក្រាម នៅក្នុងដីឡូត៍របស់ប្រជាពលរដ្ឋ មួយកន្លែង ជិតអតីតឃ្លាំងគ្រាប់ កាលពីសម័យសង្គ្រាម ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ហើយគ្រាប់ទាំងអស់នោះ បានត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី បានប្រគល់ជូនដល់ កម្លាំងកងឯកភាពកម្ចាត់មីន (ស៊ីម៉ាក់) ទី១ ខេត្តបន្ទាយមានជ័យ យកទៅកម្ទេចចោល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានរកឃើញ នៅក្នុងដីឡូត៍មួយកន្លែង ដែលមានម្ចាស់ឈ្មោះ ឡាយ ពេជ្រ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី។
លោកអធិការ បានបន្តទៀតថាៈ កាលពីអំឡុង ថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ មន្ត្រីអង្គភាពស៊ីម៉ាក់ បានរាវរកឃើញគ្រាប់ នៅក្នុងដីឡូត៍នេះ បានជាច្រើន រួចម្តងមកហើយ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី១៩ ខែធ្នូ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្បូវ និងប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ស្រុកព្រះនេត្រព្រះ បានសហការជាមួយ មន្ត្រីហេឡូត្រាសដ៍ ដើរប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពីភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានចំនួន ៧ គ្រាប់ ក្នុងនោះ មានគ្រាប់មីនស្គរ ចំនួន១គ្រាប់ គ្រាប់មីន៦៩ ចំនួន១ គ្រាប់៦០ម.ម ចំនួន២គ្រាប់ គ្រាប់៨០ម.ម ១ គ្រាប់ និងគ្រាប់កាំភ្លើងយន្ត DCA ចំនួន ២ គ្រាប់ ។ គ្រាប់យុទ្ធទាំងនេះ ត្រូវបានប្រតិបត្តិករ បោសសម្អាតមីនស៊ីម៉ាក់ និងហេឡូត្រាសដ៍ យកទៅបំផ្លាញចោល៕/V