ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថាការបាញ់សារធាតុឬទឹកសម្លាប់មេរោគឬអាល់កុលលើសរីរាង្គមនុស្សមិនអាចជួយប្រឆាំងនឹងវីរុសកូវីដ ១៩នោះឡើយនិងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបានថែមទៀតលើកលែងតែការ លាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាតឬអាល់កុល ឬជែលដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩។
ការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន គឺយោងតាមការពន្យល់ណែនាំរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ដែលបានបង្ហាញថា ការបាញ់ អាល់កុលឬថ្នាំសម្លាប់មេរោគឬសារធាតុសម្លាប់មេរោគលើសរីរាង្គមនុស្សមិនបានជួយដល់ការការពារខ្លួនលោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩នោះឡើយ និងអាចធ្វើឲ្យមាន គ្រោះថ្នាក់ដល់សុខភាពលោកអ្នក។
ក្នុងសេចក្តីប្រកាសរបស់លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថាអង្គការសុខភាពពិភពលោកបានបញ្ជាក់ដែរថាមិនត្រូវបាញ់ថ្នាំសម្លាប់មេរោគឬអាល់កុលឬសារធាតុសម្លាប់ មេរោគទៅលើខ្លួនមនុស្សនៅក្នុងគ្រប់កាលៈទេសៈ។ព្រោះសារធាតុទាំងនេះអាចធ្វើឲ្យពុលប្រសិនបើប៉ះមាត់ហើយលេបចូលទៅអាចធ្វើឲ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែករបស់មនុស្ស។ ថ្នាំសម្លាប់មេរោគឬសារធាតុសម្លាប់មេរោគត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នសម្រាប់លាងសម្អាតផ្ទៃទីកន្លែងណាមួយ តែប៉ុណ្ណោះ។ ត្រូវចងចាំរក្សាសារធាតុក្លរីនឬសារធាតុសម្លាប់មេរោ គ ផ្សេងទៀតឲ្យឆ្ងាយនិងផុតពីដៃក្មេងប្រយ័ត្នគ្រោះថ្នាក់។
លោកស្រីបានបញ្ជាក់ថា អាល់កុល ឬជែល អាចប្រើសម្រាប់សម្អាតដៃរបស់មនុស្សពីភាពកខ្វក់ដែលមានជាប់មេរោគនៅលើដៃតែមិនត្រូវប្រើសម្រាប់បាញ់លើខ្លួនប្រាណ ឡើយ៕