CAMSOC ជំរុញ​គណៈកម្មការ​ជំនាញ ទាំង​១៤ អនុវត្ត​ផែនការ ឆ្នាំ​២០២១ ដើម្បី​ភាពជោគជ័យ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

​ដោយៈ ទេព​មង្គល / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ដោយបាន​ដាក់ ទិសដៅ​អនុវត្ត សម្រាប់​ផែនការ ឆ្នាំ​២០២១ និង​បាន​ជំរុញ​គណៈកម្មការ​ជំនាញ ទាំង​១៤ ត្រៀមលក្ខណៈ​អនុវត្ត ទៅតាម​ជំនាញ ដើម្បី​ឈានទៅ សម្រេច​ឱ្យបាន ជោគជ័យ នៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តិ​ទៅ ក្រោម​វត្តមាន​លោក​បណ្ឌិត ថោង ខុន អនុប្រធាន គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​ម្ពុ​ជា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា CAMSOC បានបញ្ជាក់​ប្រាប់ អ្នកសារព័ត៌មាន នៅក្រោយ​ការបញ្ចប់​កិច្ចប្រជុំ​ថាៈ គណៈកម្មការ​ជំនាញ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍ ទាំង​១៤ មក​ទទួលយក​ផែនការ ដើម្បី​អនុវត្តតាម​ជំនាញ​រៀងៗ​ខ្លួន នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​ថ្ងៃ​ប្រតិបត្តិការ​ការងារ ក្នុង​ដំណើរ​ឆ្ពោះទៅ សម្រេច​ជោគជ័យ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថាៈ ឆ្នាំ​២០២១ ខាងមុខនេះ គឺជា​ឆ្នាំ​ដែល​គណៈកម្មការ​ជំនាញ​ទាំង​១៤ នៃ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា អាស៊ីអាគ្នេយ៍ នៅ​កម្ពុជា (CAMSOC) ត្រូវ​បង្ហាញ​ផែនការ យុទ្ធសាស្ត្រ​របស់ខ្លួន ទៅតាម​ជំនាញ ដូចជា ការរៀបចំ​ព្រឹត្តិការណ៍ ការផ្សព្វផ្សាយ​បញ្ជ្រាប ដល់​ពលរដ្ឋ និង​ផែនការ​ហ្វឹកហាត់ ជាដើម ហើយក៏​ត្រូវ​ចាប់ផ្តើម​អនុវត្ត ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ឈានទៅ​សម្រេច​ជោគជ័យ នៅ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ៕/V

CAMSOC ជំរុញ​គណៈកម្មការ​ជំនាញ ទាំង​១៤ អនុវត្ត​ផែនការ ឆ្នាំ​២០២១ ដើម្បី​ភាពជោគជ័យ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

លោក​បណ្ឌិត ថោង ខុន អនុប្រធាន CAMSOC

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular