ប្រែសម្រួល : កញ្ញាដាលីស ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍នៅថ្ងៃអង្គារនេះថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេត្រូវបានសាកសួរដោយរដ្ឋអាជ្ញាដើម្បីស្រាវជ្រាវជុំវិញការចោទប្រកាន់ថា មូលនិធិនយោបាយត្រូវបានប្រើប្រាស់មិនត្រឹមត្រូវដើម្បីឧបត្ថម្ភដល់កម្មវិធីជប់លៀងអាហារពេលល្ងាចសម្រាប់អ្នកបោះឆ្នោត ដែលករណីនេះបានជះស្រមោលងងឹតមកលើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ក្យូដូបានដកស្រង់ប្រភពជិតស្និទ្ធនឹងបញ្ហានេះដោយនិយាយថា លោកអាបេត្រូវបានសាកសួរដោយស្ម័គ្រចិត្តដោយរដ្ឋអាជ្ញាកាលពីថ្ងៃចន្ទ។របាយការណ៍ក្យូដូបានបន្ថែមថាក្រុមរដ្ឋអាជ្ញាកំពុងស្វះស្វែងកសាងសំណុំរឿងប្រឆាំងនឹងលេខាស៊ីប្រាក់ខែរដ្ឋរបស់លោកអាបេពីបទមិនបានកត់ត្រាប្រាក់ចំណូលនិងចំណាយទាក់ទងនឹងមុខនាទីរបស់គាត់ក្នុងការចាត់ចែងរៀបចំម្ហូបអាហារជប់លៀង។ ទូរទស្សន៍ជាតិ NHK ក៏មានរបាយការណ៍ស្រដៀងគ្នានេះដែរ។
រដ្ឋអាជ្ញាបាននិយាយថា ពួកគេនឹងមិនធ្វើអត្ថាធិប្បាយលើករណីនីមួយៗទេ។ ប៉ុន្តែកាសែត Tokyo Shimbun និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបាននិយាយថាការស៊ើបអង្កេតផ្តោតលើថាតើជំនួយការរូបនោះបានរំលោភច្បាប់ហិរញ្ញប្បទានយុទ្ធនាការបោះឆ្នោតដែរឬអត់ដោយប្រើមូលនិធិដើម្បីឧបត្ថម្ភកម្មវិធីជប់លៀងអាហារពេលល្ងាចសម្រាប់អ្នកគាំទ្រដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅសណ្ឋាគារមួយ នៅយប់មុនពេលពិធីជប់លៀងរដូវផ្កាឆឺរីរីក។
លោកអាបេ ដែលចុះចេញពីតំណែងកាលពីខែកញ្ញាដោយសារហេតុផលសុខភាព បានបដិសេធម្តងហើយម្តងទៀតថាមិនបានធ្វើខុសអ្វីទេជុំវិញការរៀបចំពិធីជប់លៀងអាហារពេលល្ងាចទាំងនោះ។ ប៉ុន្តែចម្លើយរបស់លោកអាបេនៅសភាគឺផ្ទុយនឹងលទ្ធផលរកឃើញរបស់រដ្ឋអាជ្ញាដូចដែលបានរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយរហូតដល់ទៅ១១៨ដង។ នេះយោងតាមទូរទស្សន៍ NHK ដែលរាយការណ៍នៅថ្ងៃអង្គារនេះ ដោយដកស្រង់ប្រភពពីការិយាល័យស្រាវជ្រាវរបស់សភា។
នៅដំណាច់ឆ្នាំ២០១៩ លោកអាបេបានប្រឈមមុខនឹងនឹងសំណួរពិបាកៗពីសមាជិកបក្សប្រឆាំងនៅសភាជុំវិញពិធីជប់លឿងរដូវផ្កាឆឺរីរីក។
នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ដែលធ្លាប់បម្រើការជាដៃស្តាំរបស់លោកអាបេអំឡុងអាណត្តិដ៏យូររបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីបាននិយាយការពារលោកអាបេជុំវិញរឿងអាស្រូវនេះ។ ការគាំទ្រសម្រាប់លោកស៊ូហ្គាបានធ្លាក់ចុះ១៧ ភាគរយមកនៅត្រឹម ៣៩ ភាគរយនៅក្នុងការស្ទង់មតិចេញផ្សាយដោយកាសែត Asahiកាលពីថ្ងៃអាទិត្យចំពេលមានការស៊ើបអង្កេតនិងក្តីបារម្ភជុំវិញការដោះស្រាយរបស់គាត់លើវីរុសកូរ៉ូណា។ ករណីរឿងអាស្រូវនេះអាចប៉ះពាល់ដល់ពេលវេលាបោះឆ្នោតឆ្នាំក្រោយ ខណៈអាណត្តិសភាជាន់ទាបគ្រោងនឹងបញ្ចប់នៅថ្ងៃទី២១ តុលា។
លោក ថូបៀស ហារីស អ្នកវិភាគម្នាក់អំពីប្រទេសជប៉ុននៅក្រុមហ៊ុនផ្តល់ប្រឹក្សាTeneo និងជាអ្នកនិពន្ធសៀវភៅជីវប្រវត្តិរបស់លោកអាបេ និយាយថា”គ្រាន់តែរឿងអាស្រូវរបស់លោកអាបេត្រឡប់មកទំព័រកាសែតវិញនិងការដាក់គោលដៅរបស់រដ្ឋអាជ្ញាលើការពិនិត្យពិច័យនេះគឺល្មមគ្រប់គ្រាន់នឹងធ្វើឱ្យជីវិតមានការលំបាកខ្លាំងសម្រាប់នាយករដ្ឋមន្ត្រី ដែលទទួលកិច្ចការបន្តពីរដ្ឋបាលអាបេ”។
ខណៈអតីតនាយករដ្ឋមន្ត្រីជប៉ុនទំនងមិនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋណាមួយនោះ អតីតនាយករដ្ឋមន្ត្រី កាគូអ៊ី តាណាកា ត្រូវបានកាត់ទោសពីបទស៊ីសំណូកក្នុងករណីយន្តហោះ Lockheed ក្នុងឆ្នាំ ១៩៨៣។ លោកតាកាណាត្រូវបានកាត់ទោសជាប់គុក ប៉ុន្តែស្លាប់ខណៈករណីរបស់គាត់កំពុងប្តឹងទៅសាលាឧទ្ធរណ៍៕
លោកអាបេត្រូវរដ្ឋអាជ្ញាសួរដេញដោលអំពីមូលនិធិប្រើដើម្បីរៀបចំកម្មវិធីជប់លៀងសម្រាប់អ្នកបោះឆ្នោត