ដោយ:អង្គរតូច/សៀមរាប: កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានជួសជុលកំណាត់ផ្លូវវង់ធំ ចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើត ដែលមានប្រវែង១៨00ម៉ែត្រ។
នេះគឺជាការបន្តការជួសជុលពីឆ្នាំ២០១៩ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលកែលម្អកំណាត់ផ្លូវវង់ធំ ចាប់ពីប្រាសាទនាគព័ន្ធ រហូតដល់ប្រាសាទមេបុណ្យខាងកើតប្រវែង៥គីឡូម៉ែត្រ។
លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងថា ចំពោះការអនុវត្តការងារជួសជុលកែលម្អផ្លូវពីមុខប្រាសាទប្រែរូប រហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើត មានទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ(AC)ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ។
លោកបញ្ជាក់ថា កំណាត់ផ្លូវវង់ធំក្នុងតំបន់ឧទ្យានអង្គរ មានប្រវែងជាង២០គីឡូម៉ែត្រ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកស្រុកផង និងបម្រើឱ្យវិស័យទេសចរណ៍ផង៕