ដោយៈ សរិទ្ធ / កំពង់ធំៈ អ្នកនាំពាក្យអយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ បានច្រានចោលព័ត៌មាន ដែលផ្សព្វផ្សាយថា អយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ នៅពីក្រោយខ្នង ជនខិលខូច កាប់ទន្ទ្រានឈូសឆាយ និងគ្រប់គ្រង ចាត់ចែង ដីព្រៃលិចទឹក នៅក្នុងតំបន់បី (តំបន់ហាមឃាត់) ក្នុងភូមិសាស្ត្រ សង្កាត់ស្រយូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ អ្នកនាំពាក្យ នៃអយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ បានជម្រាបជូន សាធារណជន មេត្តាជ្រាបថាៈ ក្នុងរយៈពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាម របស់ជនអនាមិកមួយចំនួនតូច បានផ្សព្វផ្សាយ និងបំផុសបំផុល ព័ត៌មានមិនពិត ចោទប្រកាន់ស្ថាប័ន អយ្យការអម សាលាដំបូង ខេត្តកំពង់ធំថា នៅពីក្រោយខ្នងជនខិលខូច កាប់ទន្ទ្រានឈូសឆាយ និងគ្រប់គ្រង ចាត់ចែងដីព្រៃលិចទឹក នៅក្នុងតំបន់បី (តំបន់ហាមឃាត់) ក្នុងភូមិ សាស្ត្រសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមិនអើពើ ចុះបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងដីព្រៃលិចទឹកឡើយ ដោយកាងទុកឲ្យតែបក្ខពួករបស់ខ្លួន កាប់ទន្ទ្រានឈូសឆាយ និងគ្រប់គ្រង ចាត់ចែងដីព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ ដើម្បីយកធ្វើជាកម្មសិទ្ធិ។
ចំពោះបញ្ហានេះ អ្នកនាំពាក្យ នៃអយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ សូមបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថាៈ ព័ត៌មានទាំងនេះ គឺជាព័ត៌មាន មិនពិត ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ក្នុងគោលបំណងញុះញង់ ធ្វើឲ្យសាធារណជន មានការភាន់ច្រឡំ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះស្ថាប័ន អយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋ បាននិងកំពុងជឿទុកចិត្តយ៉ាងខ្លាំង។ ជាក់ស្តែង កន្លងមក ស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួនជាប្រចាំ ដោយដឹកនាំ និងសម្របសម្រួល មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នជំនាញពាក់ព័ន្ធ (ជាអាទិ៍ មន្ត្រី ជំនាញជលផល ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ដោយពុំមានលើកលែង ដល់ជនណាមួយឡើយ។
ជុំវិញបញ្ហានេះ ស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ សូមអំពាវនាវ និងស្នើសុំកិច្ចសហការ ពីសាធារណជន បណ្តាញសារព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធ ជួយរាយការណ៍ មកស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធនឹងបទល្មើសដីព្រៃលិចទឹក និងបទល្មើសផ្សេងៗទៀត ដើម្បីឲ្យស្ថាប័នអយ្យការ និង ស្ថាប័នមានសមត្ថកិច្ច មានចំណាត់ការ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ។ ចំពោះ មន្ត្រីនគរបាលយុត្តិធម៌វិញ (ជាអាទិ៍ មន្ត្រីនគរបាលជាតិ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីជំនាញរដ្ឋបាលជលផល និងមន្ត្រីជំនាញធនធានទឹក ) ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើស ដែលបាននិងកំពុងកើតឡើង នៅក្នុងតំបន់ព្រៃលិចទឹក នៃភូមិសាស្ត្រ ខេត្តកំពង់ធំ៕/V