ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងស្តារបឹងអូរ ធម្មជាតិ ចំនួន ២២ កន្លែង ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទើបបានចាប់ផ្តើមអនុវត្ត លើគម្រោង ចំនួនបួន មានការតវ៉ា ពីរកន្លែង ដែលក្នុងនេះ មួយកន្លែង នៅលើគម្រោង កំពុងអនុវត្ត និងមួយកន្លែង នៅលើទីតាំង ទើបលើកប៉ាណូគម្រោង ដោយសារគម្រោងទាំងនេះ ធ្វើឱ្យប៉ះពាល់ដី ស្រែចម្ការ ដែលប្រជាពលរដ្ឋ បានអាស្រ័យផល និងប៉ះពាល់ដីលំនៅដ្ឋាន។
លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកណ្តាល បានឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថាៈ គម្រោងស្តារបឹងអូរធម្មជាតិចំនួន ២២ កន្លែង ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទើបបានចាប់ផ្តើមអនុវត្តលើ គម្រោងចំនួនបួន ដែលរួមមានគម្រោងបែកក្អម, ទំនប់អំពៅឌៀប , ទំនប់តាសែន និងព្រែកក្រងស្វាយ ក្រៅពីនេះបានត្រឹមលើកប៉ាណូគម្រោង សម្រាប់អនុវត្តចំនួន ៩ កន្លែងនៅតាមកន្លែង សំខាន់ៗមួយចំនួន មុននឹងឈានទៅធ្វើការអនុវត្ត។
គម្រោងទាំងបួនខាងលើ លោក អ៊ុក វណ្ណា បានបញ្ជាក់ថាៈ អនុវត្តទើបបានត្រឹមធ្វើការឈូសឆាយសម្អាតព្រៃត្រែង ដើម្បីឈានទៅធ្វើការវាស់វែង កំណត់ព្រំ របស់គម្រោង ដែលត្រូវអនុវត្ត។ កន្លងទៅនេះ មិនមានការឈូសឆាយធ្វើប៉ះពាល់ ដល់ផ្ទះសម្បែង និងដីស្រែចម្ការ របស់អ្នកណា នៅឡើយទេ។ គម្រោង ទាំងបួននេះ មានការតវ៉ា មួយកន្លែង គឺគម្រោងទំនប់អំពៅឌៀប នៅក្នុងឃុំសំបួរមាស ដែលត្រូវធ្វើការកែលម្អទំនប់នៅ ជុំវិញបឹងឡើងវិញ។ ឯការតវ៉ារបស់ ប្រជាពលរដ្ឋ នៅទំនប់ផ្លូវឆ្ការវិញ លោកប្រធានមន្ទីរខាងលើ បាននិយាយថាៈ ជាកន្លែងមិនទាន់បានអនុវត្តទេ គឺធ្វើបានត្រឹមលើកប៉ាណូគម្រោង ក៏មានការដាក់ ពាក្យតវ៉ា ទៅដល់ស្រុកខេត្ត និងក្រសួង។ គម្រោងដែលក្រសួងបាន លើកឡើង គឺដើម្បីថែរក្សាការពារផ្លូវទឹកនិងបឹងបួរដែលជាសម្បត្តិរបស់រដ្ឋ ត្រូវបានគេ រំលោភយក។
លោក អ៊ុក វណ្ណា បាននិយាយ ដោយទទួលស្គាល់ថាៈ ដីបឹងបួរ និងព្រែក មាននៅក្នុងស្រុកមុខកំពូល ត្រូវបានគេកាន់កាប់ គ្មានសល់ តាមរយៈការលក់ទិញតគ្នា ច្រើនតំណ រហូតដល់មានកន្លែងខ្លះ មានការកាន់កាប់ ជាន់គ្នាទៀតផង តែដីទាំងនោះ ជាបឹងបួរសាធារណៈរបស់រដ្ឋ។ ទីតាំងគម្រោង ដែលបានលើកឡើងបាន ធ្វើវេទិកាសាធារណៈ ដោយមានការចូលរួមពី ប្រជាលរដ្ឋនៅមូលដ្ឋាន នៅក្នុងពេល គម្រោងនេះ អនុវត្តពេញលេញ មានការចូលរួមកម្លាំងពលកម្ម ពីប្រជាពលរដ្ឋ តាមរយៈកម្មវិធីសាច់ប្រាក់ពលកម្ម ដូចជាការដាំស្មៅ តាមជើងទំនប់ជាដើម។
គួររំលឹកឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានជម្រាបទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អំពី ការស្តារបឹងបួរ អូរធម្មជាតិ ចំនួន ២២ កន្លែង ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល ដោយនៅក្នុងលិខិត លេខ ១៤៧៨ ធទឧ បានសរសេរថាៈ ដើម្បីឱ្យក្រសួង ធនធានទឹក និងឧតុនិយម ធ្វើការអនុវត្តផែនការ ការងាររយៈពេលវែង លើវិស័យធារាសាស្ត្រ ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង មាននិរន្តរភាពនោះ ក្រសួងធនធានទឹក និងឧតុនិយម និងធ្វើការស្តារបឹងបួរអូរធម្មជាតិ ចំនួន ២២ កន្លែង ក្រោមក្របខណ្ឌគម្រោង សាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ សម្រាប់ការកំណត់ ព្រំប្រទល់បឹងបួរអូរ ធម្មជាតិ ដើម្បីរក្សាទុកជាទ្រព្យសម្បត្តិ របស់រដ្ឋ ដែលស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ ដូចនេះ ដើម្បីឱ្យការងារស្តារឡើងវិញ នូវបណ្តាអនុគម្រោង ខាងលើ ប្រព្រឹត្តទៅបានល្អ និងទទួលបានជោគជ័យ សូមលោកប្រធាន ចាត់វិធានការ ជាមួយនឹងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្ត គម្រោងខាងលើ រួមមាន លោកអភិបាលស្រុក មេឃុំ ប្រធានភូមិ ដើម្បីធ្វើការសហការ ជាមួយនឹងផ្នែកគ្រប់គ្រងគម្រោងរបស់ក្រសួង ក្នុងការអនុវត្ត សកម្មភាពការងារ ស្តារបឹងបួរ អូរធម្មជាតិ ឱ្យសម្រេច បានល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។
គម្រោងខាងលើនេះ លើកឡើង ដោយក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំធ្វើដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ជាអ្នកគ្រប់គ្រង គម្រោងសាច់ប្រាក់ពលកម្ម ដែលចេញការចំណាយ ដោយសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងសាច់ប្រាក់ពលកម្ម ជំហានពីរ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យអនុវត្ត នៅក្នុងឆ្នាំ២០២០ គឺក្នុងគោលបំណងឱ្យពលករ ដែលបាត់បង់ការងារ ធ្វើនៅ កន្លែងផ្សេង មានការងារធ្វើ នៅមូលដ្ឋាន តាមរយៈកម្មវិធីសាច់ប្រាក់ពលកម្ម បានប្រាក់ចំណូល បានសមិទ្ធផល សម្រាប់ប្រើប្រាស់នៅមូលដ្ឋាន ដើម្បីពង្រឹង ស្ថេរភាពជីវភាពប្រចាំថ្ងៃ។ កម្មវិធីនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ចូលធ្វើពលកម្ម ជំនួសគ្រឿងចក្រ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងអគ្គិសនីកម្ពុជា។ គម្រោងសាច់ប្រាក់ពលកម្ម ជំហាន ពីរ ចាប់អនុវត្តពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ដោយនៅក្រសួង ធនធានទឹក ទទួលបានពីគម្រោងនេះ សម្រាប់អនុវត្តការជីកស្តារប្រឡាយជើងក្អែប ប្រវែង ២.៣៨៤ គីឡូម៉ែត្រ(២០២០)។
ឯចំណែកគ្រឿងចក្រ ជាច្រើនគ្រឿង ដែលគេបានយកមកប្រើ ក្នុងគម្រោងនេះ នៅស្រុកមុខកំពូល កន្លងទៅនេះ ត្រូវបានគេនិយាយថា មិនមែនជាគ្រឿងចក្រ គ្រប់គ្រង ដោយក្រសួងធនធានទឹក និងឧតុនិយមទេ គឺជាគ្រឿងចក្ររបស់ឯកជន ដែលត្រូវបានជួលមក ដោយក្រុមការងាររបស់គម្រោង ដើម្បីពន្លឿនការងារ នៅកន្លែងដែលមិនអាចធ្វើបាន ដោយកម្លាំងពលកម្មបាន៕