Home ព័ត៌មានជាតិ សង្គម របង​ថ្ម​នៅមុខ...

របង​ថ្ម​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្ថាបនា​សម្រេចបាន​៩០​ភាគរយ​ហើយ​

ដោយ​:​រ៉ា​ម៉ន / ភ្នំពេញ​: របង​ថ្ម​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​តាម​បណ្តា​យ​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រវែង​ជិត​១​គីឡូម៉ែត្រ​ចាប់ពី​កា​រាស​សាំង​តូ​តា​ល់ ជិត​ស្តុ​ប BKC (​កាណាឌីយ៉ា​) រហូតដល់​ស្តុ​ប​វត្ត​នាគ​វ័ន​បាន​ដំណើរការ​ស្ថាបនា​លេចចេញ​ជា​របង​ថ្ម​បាន​ប្រវែង​ជាង​៤០០​ម៉ែត្រ ក្នុង​ប្រវែង​សរុប​៦៥០​ម៉ែត្រ ហើយ​របង​ថ្ម​ខាងលើ​មកដល់ពេលនេះ សម្រេចបាន​៩០​ភាគរយ​ហើយ គឺ​បាន​ឈាន​ចូលដល់​តំណាក់កាល​នៃ​ការ​លាបថ្នាំ​ហើយ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖​គម្រោង​នៃ​ការរៀបចំ​សាងសង់​របង​ថ្ម​នៅតាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ទល់មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើជា​ពីរ​ដំណាក់កាល ក្នុងនោះ​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​អនុវត្ត​ការដ្ឋាន​ចេញពី​កា​រាស​សាំង​តូ​តា​ល់ រហូតដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​មាន​ប្រវែង​៦៥០​ម៉ែត្រ កម្ពស់​២​ម៉ែត្រ ហើយ​ក្នុងដំណាក់កាល​ទី​១​នេះដែរ គិត​មកដល់ពេលនេះ ក្រុមការងារ​បាន​ស្ថាបនា​របង​ថ្ម​នេះ ទៅតាម​គម្រោង​បានសម្រេច​ជាច្រើន​រយ​ម៉ែត្រ​ហើយ គឺ​បាន​លេចចេញ​ជា​របង (​ចាប់ពី​កា​រាស​សាំង​តូ​តា​ល់​រហូតដល់​ជិត​កា​រាស​លក់​រថយន្ត​) ហើយ​ក្នុង​ប្រវែង​នេះ ក្រុមការងារ​ស្ថាបនា​សម្រេចបាន​៩០​ភាគរយ​ហើយ ដោយនៅ​ល្ងាច​ថ្ងៃទី​២២​ធ្នូ​នេះ ក្រុមការងារ​កំពុង​ស​ម្រុ​ក​លាបថ្នាំ​បង្ហើយ​។​ចំពោះ​ដំណាក់កាល​ទី​២ នឹង​ចាប់ផ្ដើម​ពី​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​នេះ រហូតដល់​ផ្លូវបត់​ទៅ​វត្ត​នាគ​វ័ន​ដែលមាន​ប្រវែង​៤៣៧​ម៉ែត្រ​។​

​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា​៖​ការរៀបចំ​ធ្វើ​របង​ថ្ម​ជាមួយនឹង ការរៀបចំ​ការ៉ូឡា​សម្រាប់​ថ្មើរជើង​នេះ ធ្វើឡើង​ដើម្បី​លើក​សោភណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ល្អប្រសើរ ដោយសារតែ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ជា​ផ្លូវ​មួយ​ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​រាល់ថ្ងៃ ដូច្នេះ​ដាច់ខាត​ត្រូវតែ​រៀបចំ​ផ្លូវ​នេះ​ឲ្យ​មាន​សោភណភាព​និង​សណ្ដាប់ធ្នាប់​ល្អប្រសើរ​។​

​គួ​រំលឹក​ផងដែរ​កាលពីដើម​ខែកក្កដា​ឆ្នាំ​២០២០ កន្លង​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌដូនពេញ និង​មន្ទីរជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព នៃ​គម្រោង​នេះ​ផងដែរ ដោយបាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយហេតុថា កំណាត់​ផ្លូវ​មួយ​នេះ​មិនមាន​ផ្លូវ​ថ្មើរជើង ដូច្នេះ​យើង​នឹងធ្វើ​ឱ្យមាន​ចិញ្ចើម​សម្រាប់​អ្នក​ថ្មើរជើង​ដើរ​ឱ្យបាន​ស្អាត សមជា​ទីក្រុង​ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular