ដោយៈតារារិទ្ធ/ភ្នំពេញ៖លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជានាព្រឹកថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២០បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈនៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះលោក ព្រុំ សុខា បានស្នើសុំឲ្យមានកម្មវិធីកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា(ERA)ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិនិងរដ្ឋបាលសាធារណៈរុស្ស៊ី។នេះបើយោងតាមផេកក្រសួងមុខងារសាធារណៈ ។
ក្នុងជំនួបនេះទាំងលោករដ្ឋមន្ត្រីនិងឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរក្នុងរយៈពេល៦៤ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ីពិសេសចា ប់ពីក្រោយពេលកម្ពុជាបានរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។
លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងលោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានឯកភាពគ្នាខ្ពស់លើការចាប់ផ្តើមនិងជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យមុខងារ សាធារណៈរវាងក្រសួងមុខងារសាធារណៈកម្ពុជាជាមួយក្រសួងស្ថាប័នរុស្ស៊ីដែលមានការពាក់ព័ន្ធរួមមាន៖ការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍,ទស្សនកិច្ចសិក្សានិងការ បណ្តុះបណ្តាលមន្ត្រីរាជការលើវិស័យមុខងារសាធារណៈ,ព្រមទាំងរៀបចំឱ្យមានកម្មវិធីទំនាក់ទំនងជាក់ស្តែងក្នុងការអភិវឌ្ឍធនធានមនុស្សរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA)ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិនិងរដ្ឋបាលសាធារណៈរុស្ស៊ី(the Russian Presidential Academy of National Economy and Public Administration)។
ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរភាគីទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពសហប្រតិបត្តិការជាក់ស្តែងសំដៅរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀតរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី ៕