ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ កម្មវិធីបុណ្យណូអែល និងពិធីឆ្លង ចូលឆ្នាំ សកល២០២១ ឈានចូលមកដល់ហើយ ហើយកម្មវិធីទាំង២នេះជាទូទៅ មិនថា ជនបរទេស អឺរ៉ុប អាស៊ីនោះទេ គឺតែងតែធ្វើពិធីជួបជុំសប្បាយ មិនដែលអាក់ខានឡើយ ។ តែសម្រាប់ឆ្នាំនេះ ដោយសារនៅលើពិភពលោកកំពុងប្រឈមនឹងការរីក រាលដាល ជំងឺកូវីដ -១៩ ហើយប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញកំពុងប្រឈមដែរនោះ ទើបនៅថ្ងៃនេះអាជ្ញាធររាជធានីភ្នំពេញបានប្រកាស មិនអនុញ្ញាតឱ្យមានការប្រគំតន្ដ្រី ឬ កម្មវិធី សប្បាយ ភាព ជួបជុំ អបអរសាទរ បុណ្យ ឆ្លង ចូលឆ្នាំ សកល ខាងមុខនេះឡើយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈសារជាសម្លេងតាមប្រព័ន្ធអេឡិចត្រូនិក បានណែនាំឱ្យគ្រប់ប្រធានគណៈបញ្ជាឯកភាពខណ្ឌទាំង១៤ត្រូវ ពិនិត្យមើលបន្ទាន់ នៅតាមមូលដ្ឋានរបស់ខ្លួនពីការរៀបចំប្រគុំតន្ដ្រីការលេងល្បែងកម្សាន្ត ការផ្សព្វផ្សាយផលិតផល ឬក៏មានការជួបជុំអបអរសាទរបុណ្យឆ្លងចូលឆ្នាំសកល ខាងមុខនេះ សូមឱ្យផ្អាកកម្មវិធីទាំងនោះ ជាបណ្ដោះអាសន្ន ដោយសារទី១ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាកូវីដ-១៩ នៅមិនទាន់ចប់ជាស្ថាពរ។ ទី២ បច្ចុប្បន្ននេះ មានការផ្ទុះរីករាលដាលឡើងនូវជំងឺកូវីដ-១៩ នៅប្រទេសថៃ ដែលមានខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ដែលអាចមានពលករឆ្លងចូលមកក្នុងស្រុកវិញ។
ដូចនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ លោក ឃួង ស្រេង បានសូមគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ផ្អាកការជួបជុំគ្នានេះ ជាបណ្ដោះអាសន្នរង់ចាំការគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ នេះ និង រង់ចាំមានការណែនាំជាថ្មីក្នុងនោះដែរ គណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ ធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងការពារ និងអនុវត្តវិធាននានា ឱ្យបានល្អតាមមូលដ្ឋាន៕