ដោយ: សរិទ្ធ / ភ្នំពេញ: ជនសង្ស័យ ២នាក់ (ជនដៃដល់ និងម្ចាស់កាំភ្លើង) ពាក់ព័ន្ធករណី បាញ់សម្លាប់បុរសម្នាក់ដោយសាររឿងជំពាក់ បំណុល ក្នុងទំហំទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២០។
ករណីឃាតកម្មបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់នេះកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត-ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)។
ជនសង្ស័យ ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនដៃដល់បាញ់ជនរងគ្រោះ)និងឈ្មោះ ផេង ស៊ីថុល ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកផ្ដល់កាំភ្លើង)។ វត្ថុតាងដកហូត៖ អាវុធខ្លីម៉ាក CF98 មានគ្រាប់ចំនួន ០៩គ្រាប់។
សមត្ថកិច្ចបញ្ជាក់ថានៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានសារភាពថា ពួកគេសុទ្ធតែជាកូនបំណុលរបស់ជនរងគ្រោះ ក្នុងទំហំទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ៕