ដោយៈ ជាសីហៈ/ភ្នំពេញៈ លោក រដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយមន្ត្រីក្រោមឱវាទបានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ នៅកំពង់ហ្លូង ក្នុងស្រុកពញាឭ ខេត្តកណ្តាល។
តាមរបាយការណ៍ពីម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងដែលត្រីប្រហុកចុះច្រើន ដោយដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១.០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូង។
តាមរបាយការណ៍ដដែលបានបន្តថា តម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥.០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១.០០០-១.៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣.០០០រ/គ.ក្រ។
នាឱកាសនោះលោក រដ្ឋមន្ត្រី បានបញ្ជាក់ជូនថាបើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ ៕