ដោយៈ ជាសីហៈ/ភ្នំពេញៈ រដ្ឋបាលជលផលបានឲ្យដឹងថាផលត្រីសរុបឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ។
ប្រភពដដែលបានអះអាងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថានៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤.៣២០តោន មកនៅត្រឹម ៩.៩០០តោន នាឆ្នាំនេះ។
ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦.៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨.០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧.៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០.៤០០តោន។
តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថាអនុវិស័យវារីវប្បកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលត្រូវជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ។