ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធ លើការលើកឡើងថា ស៊ុតចុះថោក ក្រោម ៣០០ រៀល គឺដោយសារ មានការនាំចូល ពីប្រទេសជិតខាង។ ពាក់ព័ន្ធករណីនេះ ក្រសួង បានបញ្ជាក់ថា ពុំដែលអនុញ្ញាត ឲ្យនាំចូលស៊ុត ពីប្រទេសជិតខាង ចូលមកកាន់ កម្ពុជាឡើយ ហើយក្រសួង បានអះអាងថាៈ ការធ្លាក់ចុះ នៃតម្លៃស៊ុត គឹមកពីការលុបចោល នៃការជួបជុំគ្នា នៅក្នុងបរិបទជំងឺឆ្លងកូវីដ ១៩ ដែលនាំឱ្យតម្រូវការ ធ្លាក់ចុះ។ ម្យ៉ាងទៀត នារដូវត្រីត្រូវ ពលរដ្ឋបែរមកពិសាសាច់ត្រី ជំនួសឱ្យស៊ុតវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាៈ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពិនិត្យឃើញថា សាធារណជន ពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុត បានចូលរួមផ្តល់យោបល់ ជាមួយគណនី ហ្វេសប៊ុក របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងការចុះថ្លៃ ស៊ុត នៅលើទីផ្សារ នាប៉ុន្មានថ្ងៃ ចុងក្រោយនេះ។ ករណីស៊ុតចុះថោក ក្រោម ៣០០ រៀល ក្នុងមួយគ្រាប់ នៅតាមតំបន់ មួយចំនួននេះ មានការលើកឡើងថា បណ្តាលមកពីការនាំចូលស៊ុត ពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ដែលជាហេតុធ្វើឱ្យផលិតផលស៊ុត ដែលផលិតបាន នៅក្នុងស្រុក មានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។
ប្រភពដដែល បានលើកឡើងទៀតថាៈ ទាក់ទងនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមបញ្ជាក់ ជូនសាធារណជនថា៖
១- អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែល អនុញ្ញាតជាគោលការណ៍ ឱ្យនាំចូលស៊ុត ពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ចូលមកទីផ្សារ ព្រះរាជាណាចក្រកម្ពុជាឡើយ។
២- ចំពោះតម្លៃស៊ុតទា សម្រាប់យកទៅភ្ញាស់ បើប្រៀបធៀប រវាងកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ពោលគឺ មានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយឡែកស៊ុតទាធម្មតាមិនបង្កកំណើតនៅកម្ពុជាតម្លៃ២៨០រៀលក្នុងមួយ គ្រាប់ ចំណែកឯនៅប្រទេសវៀតណាមតម្លៃ៣០០រៀលក្នុងមួយគ្រាប់។
៣- ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗត្រូវបាន ផ្លាក ដែលធ្វើឱ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយជាអតិបរិមានៅពេលដែលការចិញ្ចឹមបក្សីយកស៊ុតមានការ កើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រពលរដ្ឋមួយចំនួនបែរមកបរិភោគ ត្រីជំនួសឱ្យស៊ុតបក្សីវិញ។
៤- ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់ ស៊ុតមាន់ -ទាយកស៊ុត បានដឹងព័ត៌មានពីការលួចនាំចូល -ទាពីប្រទេសជិតខាង សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈ ទូរស័ព្ទលេខ ០១២ ៨២៨ ២០៩ ដើម្បីចុះអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។
ទទួលបានសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ សង្ឃឹមថា សាធារណជន អាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេស អ្នកចិញ្ចឹមបក្សីយកស៊ុត ជ្រាបជាព័ត៌មាន៕/V