ដោយ: ប.ខុន / ភ្នំពេញ: លោកចាន់ យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០ថា តំបន់ដែលត្រជាក់ខ្លាំងនៅយប់នេះ (២២ធ្នូ) មានខ្ពង់រាបភាគឦសានដូចជា ខេត្តរនតគិរី មណ្ឌលគិរី, តំបន់ជួរភ្នំដងរែកមានខេត្តព្រះវិហារ ឧត្តរមានជ័យ, ទំនាបកណ្តាលភាគពាយព្យមាន បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ជាពិសេសតំបន់តំបន់ភ្នំស្រុកវាលវែង ក្នុងខេត្តពោធិសាត់។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថា តំបន់ផ្សេងទៀតក៏នៅតែត្រជាក់ តែមិនត្រជាក់ខ្លាំងដូចក្នុងពេលពីរថ្ងៃកន្លងទៅនេះទេ។ សីតុណ្ហភាពវានឹងចាប់ផ្តើមកើនឡើងវិញនៅថ្ងៃស្អែកទី២៣ខែធ្នូ តែកើនមិនខ្ពស់ទេ ដោយសារប្រទេសកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់រុញមកពីប្រទេសចិន និងខ្យល់មូសុងឦសានកម្រិតមធ្យម។
លោក ចាន់ យុត្ថា និយាយឱ្យដឹងផងដែរថា ព្យុះទី២៣ ឈ្មោះក្រវាញនៅថ្ងៃទី២២ខែធ្នូនេះ បានថយឥទ្ធិពលមកនៅត្រឹមកម្រិតសម្ពាធទាបសកម្មនៅក្នុងសមុទ្រខាងត្បូង ប្រទេសវៀតណាម និងចាប់ផ្តើមមានឥទ្ធិពលទឹកភ្លៀងដល់ភាគខាងត្បូងរបស់ប្រទេសកម្ពុជា និងតំបន់មាត់សមុទ្រនៅថ្ងៃទី២៣ខែធ្នូ៕