ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ:គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលឡាវ ដឹកនាំដោយលោកSonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាលឡាវ បានជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ។
កិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលប្រារព្ធកាលពីថ្ងៃទី២១ធ្នូត្រូវបានរៀបចំ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច ការដឹកនាំគោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ ជាពិសេគោលនយោបាយនិងវិធានការដែលប្រទេសទាំងពីរអនុវត្តក្នុងពេលដែលទទួលរងឥទ្ធិពលអវិជ្ជមាននៃការរីករាលដាលជំងឺកូវីដ–១៩។ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពថ្លៃ និងការអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដើម្បីគាំទ្រការផ្តល់សន្ទនីយភាពរបស់វិស័យធនាគារចំពោះសកម្មភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះ ធនាគារកណ្តាលទាំងពីរ ក៏បានចូលរួមក្នុងការជួយសម្រាលបន្ទុករបស់ប្រជាជនក្រីក្រនិងក្រុមហ៊ុន–សហគ្រាស ដែលទទួលរងការធ្លាក់ចុះចំណូល ដោយបានបន្ធូរបន្ថយបញ្ញត្តិកម្មមួយចំនួន ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញបាន។ ទន្ទឹមនេះ ធនាគារកណ្តាល ទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកពង្រឹងសមត្ថភាពជំនាញ តាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងជំនាញ និងពង្រឹងការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
គួររំលេចថា បច្ចុប្បន្ន ធនាគារពាណិជ្ជខ្មែរចំនួន២ មានវត្តមាននៅប្រទេសឡាវ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ធនាគាររកណ្តាលឡាវបានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩និងប្រសិទ្ធភាពនៃគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ធនាគារកណ្តាលឡាវក៏បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជាដែលបានផ្តល់ជំនួយបច្ចេកទេសដល់ធនាគារកណ្តាលឡាវនាពេលកន្លងមក និងបានស្នើសុំការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមលើការចែករំលែកបទពិសោធន៍លើប្រព័ន្ធទូទាត់ជាពិសេសប្រព័ន្ធបាគង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកជា ចាន់តូ បានអបអរសាទរចំពោះរដ្ឋាភិបាលឡាវ និងធនាគារកណ្តាលឡាវដែលរក្សាបាននូវមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ–១៩ និងបានថ្លែងអំណរគុណដល់ធនាគារកណ្តាលឡាវដែលបានជួយគាំទ្រដល់ធនាគារពាណិជ្ជកម្ពុជាដែលកំពុងដំណើរការនៅប្រទេសឡាវ និងកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ព្រមទាំងលើកទឹកចិត្តដល់ការធ្វើការចែករំលែកព័ត៌មាន ចំណេះដឹង និងផ្លាស់ប្តូបទពិសោធន៍តាមរយៈប្រព័ន្ធវីដែអូ ក្នុងស្ថានការណ៍ដែលជំងឺកូវីដ–១៩ មិនទាន់បានបញ្ចប់ការរីករាលដាលនៅឡើយ។
ធនាគារកណ្តាលទាំងពីរបានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីជាប្រពៃណីឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រទេសទាំងពីរ ដែលឋិតនៅភូមិផងរបងជាមួយ៕សរន