Home ព័ត៌មានជាតិ សង្គម រាជបណ្ឌិត្យសភ...

រាជបណ្ឌិត្យសភាកម្ពុជា​នាំយក​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ប្រគល់ជូន​ដល់ អ្នកស្រី ត្រឹង ងា​

​ដោយៈ ជា សីហៈ​/​ភ្នំពេញ: នា​រសៀល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ដឹកនាំ​ប្រតិភូ​បណ្ឌិត​សភាចា​រ្យ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នាំយក​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ឯកសណ្ឋាន​កិត្តិ​បណ្ឌិត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ជូន​ដល់​លោកស្រី ឡាយ ហ៊ុន​គី ហៅ​អ្នកស្រី ត្រឹង ងា ដល់​គេហដ្ឋាន​ផ្ទាល់​របស់លោក​ស្រី​នៅ​រាជធានី​ភ្នំពេញ ។

​អ្នកស្រី ត្រឹង ងា ជា​អ្នកនិពន្ធ​សៀវភៅ «​អរិយធម៌​ខ្មែរ​» និង​បាន​ប្រើ​ឈ្មោះថា «​អ្នកស្រី ត្រឹង ងា​» នៅលើ​សៀវភៅ ដែល​បាន​បោះពុម្ព​តាំងពី​ឆ្នាំ​១៩៧៤​មក​ម្លេះ​។

​សៀវភៅ​នេះ​ត្រូវបាន​សាធារណជន​ទទួលស្គាល់ថា ជា​ប្រភព​ឯកសារ​ដ៏​ចម្បង​និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​សម្រាប់​អ្នកសិក្សា​ថ្នាក់​បញ្ចប់ ក៏ដូចជា​អ្នកស្រាវជ្រាវ​និង​យុវជន​ជំនាន់​ក្រោយ ក្នុងការ​សិក្សា​រៀនសូត្រ ពង្រីក​ចំណេះដឹង និង​បន្ត​ស្រាវជ្រាវ​បន្ថែម​អំពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ​។​

​ដោយ​មើលឃើញ​ពី​ការលះបង់​ទាំង​ពេលវេលា កម្លាំងកាយ និង​កម្លាំងចិត្ត ជាមួយ​មនសិការ​មោះមុត​ក្នុងការ​គាំទ្រ និង​អភិរក្ស​វប្បធម៌​និង​អរិយធម៌​ខ្មែរ ក៏ដូចជា​ការចូលរួម​ចំណែក​បំពេញ​កាតព្វកិច្ច​ក្នុងសង្គម​និង​សាសនា ព្រមទាំង​មានការ​ទទួលស្គាល់​ពី​មហាជន​គ្រប់​ស្រទាប់ ជា​សក្ខីភាព​យ៉ាងច្បាស់ រាជរដ្ឋាភិបាល​បាន​ឯកភាព តាមរយៈ​រាជបណ្ឌិត្យសភាកម្ពុជា បានចេញ​សេចក្ដីសម្រេច​លេខ​០៥២/២០ ស​.​ស​.​រ​. ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ប្រគល់​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ ជូន​លោកស្រី ដើម្បី​ជាការ​តបស្នង​ចំពោះ​លោកស្រី ដែល​បាន​បំពេញ​កាតព្វកិច្ច មានគុណ​បំណាច់​ធំធេង​ក្នុង​បុព្វហេតុ​ជា​ឧត្ដមប្រយោជន៍​នៃ​សង្គមជាតិ​។​

លោកស្រី កើត​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​១៩៣៩ នៅ​ភូមិ​ស្រមោច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបាត់ដំបង បច្ចុប្បន្ន​នៅ​ខេត្តបន្ទាយមានជ័យ​។​

គិត​ចាប់ពី​ឆ្នាំ​១៩៥៧ លោកស្រី​បានចាប់ផ្ដើម​អាជីព​ជា​គ្រូបង្រៀន​ជា​លើកដំបូង នៅឯ​ខេត្តបាត់ដំបង ហើយ​មួយឆ្នាំ​ក្រោយមក លោកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក ត្រឹង ងា ដែលមាន​ស្រុកកំណើត​ជា​អ្នកស្រុក​យី​ង​ចូ​វ ខេត្ត​ពល​លាវ កម្ពុជា​ក្រោម​។ ក្រោយមក ត្រូវគេ​បាន​ស្គាល់​និង​ហៅ​លោកស្រី​ថា «​អ្នកស្រី ត្រឹង ងា​» ទៅតាម​ទម្លាប់​បារាំង​នា​សម័យ​កាលនោះ​។​

នៅ​ឆ្នាំ​១៩៦២ លោកស្រី​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ​ផ្នែក​អប់រំ​សាស្ត្រាចារ្យ រហូតដល់​ឆ្នាំ​១៩៦៦ លោកស្រី​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ និង​ក្លាយជា​គ្រូបង្រៀន​ផ្នែក​វប្បធម៌​និង​អរិយធម៌​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រហូត​បាន​បោះពុម្ព​សៀវភៅ​អរិយធម៌​ខ្មែរ​នៅ​ឆ្នាំ​១៩៧៤៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular