ក្រសួងសុខាភិបាល​ជំរុញ​បង្កើន​ការស្រាវជ្រាវ​រក​ករណី​ក្រុម​ជំងឺរបេង​ដែល​ប្រឈម​ខ្ពស់​

1174
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង ក្នុង​ពិធី​បើក​សន្និបាត​ការងារ​កំចាត់រោគ​ជំងឺរបេង​ទូទាំងប្រទេស​លើក​ទី​២៣​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៣ មេសា បាន​ជំរុញ​ឲ្យ​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​ត្រូវ​បង្កើន ការស្រាវជ្រាវរ​កករ​ណី​ជំងឺរបេង​ដល់​ក្រុម​ដែល​ប្រឈម​ខ្ពស់​ដើម្បី​ឈានទៅ​កាត់បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺរបេង​ឲ្យ​កាន់តែ​ថយចុះ​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឲ្យ​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​ធ្វើ​ការចុះ​ស្រាវជ្រាវ​រក​ករណី​របេង​ថ្មី​នៅតាម​ទីតាំង ដែលមាន​មនុស្ស​រស់នៅ​កកកុញ​ច្រើន​ដូចជា​ពន្ធនាគារ វត្ត​អារាម អ្នកជំងឺ​អេដស៍ អ្នកជំងឺ​ទឹកនោមផ្អែម​និង​ក្រុមមនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាដើម ដើម្បី​ដាក់​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក​សាស្ត្រាចារ្យ​បាន​បន្តថា ឥឡូវ​យើង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កុមារ ដើម្បី​ធ្វើយ៉ាងណា​ប​ញ្ឍ​ប់​ការចំលង​ឲ្យ​បាន​តាមរយៈ​ការចុះ​ស្រាវជ្រាវ​នៅតាម​ពន្ធនាគារ វត្ត​អារាម​ហើយ​ពេល​រកឃើញ​ភ្លាម​ផ្តល់​ឱសថ​ព្យាបាល​ភ្លាម​តែម្តង​។​

​លោក​ម៉ម ប៊ុនហេង បាន​មានប្រសាសន៍​ទៀតថា​ចំណែក​វិស័យ​ឯកជន​ក៏ត្រូវ​ជួយ​សហការ​ជាមួយ​កម្មវិធី​ជាតិ​ផងដែរ នៅពេល​មាន​អ្នកជំងឺ​របេង​ទៅរក​សេវា ត្រូវ​ណែនាំ​ឲ្យ​គាត់​ទៅរក​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ព្រោះថា​ការព្យាបាល​ជំងឺរបេង​គឺ​មិន​បង់ថ្លៃ​ទេ ទាំង​ការធ្វើ​រោគវិនិច្ឆ័យ​និង​ការផ្តល់​ឱសថ​ព្យាបាល ហើយ​មិនត្រូវ​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯង​ឡើយ​។​

​ជាមួយគ្នានេះដែរ លោក​ក៏បាន​ជំរុញ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​រាយការណ៍​មក​កម្មវិធី​ជាតិ​កំចាត់​រោគរបេង នៅពេល​រកឃើញ​កុមា​រណា​ម្នាក់​មាន​ផ្ទុក​ជំងឺរបេង ដើម្បី​ឲ្យ​កម្មវិធី​ជាតិ​ចុះ​ស្រាវជ្រាវ​ដល់​អាណាព្យាបាល​ឬ​ឪពុកម្តាយ​និង​សាច់ញាតិ​របស់​ពួកគេ​បន្តទៀត​។​

​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់ អ៊ាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន បាន​គាំទ្រ​ចំពោះ​អនុសាសន៍​នេះ ព្រោះ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​អាចជួយ​កាត់បន្ថយ​អត្រា​អាំង​ស៊ី​ដង់​របស់​អ្នកជំងឺ​របេង ឲ្យ​បាន​៤%​និង​អត្រា​ស្លាប់​ឲ្យ​បាន​៥% ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ទន្ទឹមនឹងនេះ​លោក​វេជ្ជបណ្ឌិត​បា​នប​ន្តែ​ម​ថា កម្មវិធី​ជាតិ​នឹង​បង្កើន​ការស្រាវជ្រាវ​តាមបែប​សកម្ម​និង​ពាក់កណ្តាល​សកម្ម តាមរយៈ​កា​រប​ញ្ជួ​ន​រថយន្ត​ចល័ត​និង​បុគ្គលិក​ដោយ​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ សម្រាប់​ថត​ឆ្លុះ​និង​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺរបេង​នៅតាម​វត្ត​អាម​និង​តាម​សហគមន៍​នានា តាម​ទីជនបទ ដើម្បី​ស្វែងរក​ករណី​ជំងឺរបេង​ថ្មី​ឲ្យ​បាន​ច្រើន​ថែមទៀត និង​ដាក់​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​តាម​របាយការណ៍​រប​ស់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ កម្មវិធី​ជាតិ​បាន​ស្រាវជ្រាវ​រក​ករណី​ជំងឺរបេង​បាន​ចំនួន​ជាង​៣​ម៉ឺន​៤​ពាន់​ករណី ហើយ​តាម​ផែនការ​នៅ​ឆ្នាំ​២ ០១៨​នេះ គ្រោង​នឹង​ស្រាវជ្រាវ​ករណី​ជំងឺរបេង​ឲ្យ​បាន​ជាង​៤​ម៉ឺន​នាក់​។​

​គួរ​បញ្ជាក់ថា​មកដល់​ឆ្នាំ​២០១៧​កន្លងទៅនេះ មាន​សេវា​របេង​ក្នុង​ពន្ធនាគារ​សរុប​ចំនួន​១៧​កន្លែង​ក្នុងចំណោម​២៧​កន្លែង នៅ​ទូទាំងប្រទេស​ដោយ​ស្រាវជ្រាវ​រកឃើញ​ជំងឺរបេង​បាន​ចំនួន​១១៧​នាក់​ផងដែរ​៕B

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជំរុញ​ឲ្យ​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​បង្កើន​ការស្រាវជ្រាវ​រក​ករណី​ជំងឺរបេង​ដល់​ក្រុម​ដែល​ប្រឈម​ខ្ពស់​(​រូប សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម