ដោយ: ពៅនិមល/ភ្នំពេញ: នៅទីស្តីការក្រសួង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ជំនួបនេះភាគីទាំងពីរបានពិភាក្សាលើវិបិត្តកូវីដ១៩ ដែលមានផលប៉ះពាល់កន្លងមក ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគ្រប់គ្នា និងអបអរសាទលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសិប (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិក ក្នុងខែវិច្ឆិកាកន្លងមក។
នៅក្នុងជំនួបនោះលោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្ដ្រីបច្ចេសទេសការពារអ្នកប្រើប្រាស់មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឱ្យអូស្ដ្រាលីបន្ដគាំទ្រផ្ដល់អាហារូបករណ៍ជូនកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះរដ្ឋមន្ត្រីក៏បានអញ្ចើញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្ដ្រាលីទាំងឡាយមកវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានជម្រាបជូនលោករដ្ឋមន្ដ្រីថា អូស្ដ្រាលីនឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជាទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ៦០ភាគរយ។ លោកក៏បានជម្រាបឯកឧត្តមរដ្ឋមន្ដ្រីនូវគម្រោងខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ដែលភាគីអូស្ដ្រាលីបានគាំទ្រដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២ពាន់នាក់ ក្នុងវិស័យអេឡិចត្រូនិច ដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។
ក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្ដ្រី បានបញ្ជាក់ជូនភាគីជំនួបនូវកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងបានបង្កើតឡើងដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ក្នុងនោះរដ្ឋមន្ត្រីពាណិជ្ជកម្ម បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ៕