ដោយ: ពៅនិមល/ភ្នំពេញ: ខណៈដែលរដ្ឋាភិបាលប្រទេសកម្ពុជានិងសិង្ហបុរី គ្រោងនឹងចុះហត្ថលេខាជាមួយគ្នា ដើម្បីរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលខាងមុខនេះ ភាគីទាំងពីររំពឹងទុកថា នឹងជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នឹងត្រូវបញ្ចប់អណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅទីស្តីការក្រសួង លោកបានជម្រាបជូនលោករដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មថា កម្ពុជានិងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរសេដ្ឋកិច្ចដូចគ្នា។ លោកបញ្ជាក់ទៀតថា ការបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា និងសិង្ហបុរី ជាមិត្តជិតស្និត ហើយតែងតែរួមសហការគ្នាដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់វេទិកាទាំងអស់ ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗទៀតជាដើម។ លោកបន្ថែមថា កន្លងមកក្រសួងពាណិជ្ជកម្មក៏បានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមកផងដែរ។
ជាកិច្ចបញ្ចប់នៃជំនួប ភាគីសិង្ហបុរី បានស្នើសុំឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មបន្ដការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូតដែលមកកាន់អណត្តិថ្មី។
ជាការឆ្លើយតប លោករដ្ឋមន្ដ្រី បានជម្រាបភាគីជំនួបវិញថា លោកនឹងបន្ដសហការជាមួយ ដោយក្រសួងពាណិជ្ជកម្មកន្លងមក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នាកន្លងមក ដើម្បីជុំរុញកិច្ចសហប្រតិបត្តទ្វេភាគីរវាងប្រទេសទាំងពីរបន្ដទៀត៕