ដោយៈសុផល/ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាកាលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០បានសម្រេចផ្តល់ថវិកាចំនួន ២៦៣.៨៨៥.៥០០រៀលដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីរតនគិរីនិងខេត្តក្រចេះដើម្បីចាត់ចែងទិញស្បៀងអាហារសម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣.១៨៧គ្រួសារ។ គ្រួសារនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ទទួលបានថវិកា ៧៩.០៦០.០០០រៀល បន្ថែមពីលើថវិការបស់សាខាចំនួន ២១.២៤០.០០០រៀល សម្រាប់ប្រជាពលរដ្ឋចំនួន ១.១៨០គ្រួសារ រស់នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ។
សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ទទួលបានថវិកា ១១៤.៧៨៥.៥០០រៀល សម្រាប់ប្រជាពលរដ្ឋចំនួន ១.៣២៧គ្រួសារ រស់នៅក្នុងស្រុកវើនសៃ ស្រុកអណ្តូងមាស ស្រុកបរកែវស្រុកលំផាត់ និងស្រុកអូរជុំ ។
ចំណែកកាកបាទក្រហម ខេត្តក្រចេះ ទទួលបានថវិកា ៧០.០៤០.០០០រៀល សម្រាប់ប្រជាពលរដ្ឋចំនួន ៦៨០ គ្រួសារ រស់នៅក្នុងស្រុកសំបូរ ននិងស្រុកចិត្របុរី។
គួរកត់សម្គាល់ថា៖ក្នុងឆ្នាំ២០២០នេះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតបានសរុបចំនួន១០៤.៩៤២ គ្រួសារ។ដោយឡែកចាប់ពីថ្ងៃទី១ខែតុលាដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០២០នេះបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី–ខេត្តចំនួន២៥ ៕សរន